ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានស្រាយបំភ្លឺ ចំពោះសារព័ត៌មានថៃ ដែលបានផ្សាយថា កម្ពុជាបានកំណត់តម្លៃ លើការលក់សិទ្ធិផ្សព្វផ្សាយទូរទស្សន៍ (ផ្សាយផ្ទាល់) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងនៅថ្ងៃទី១ ខែមីនា នេះថា ៖«ថ្មីៗនេះមានសារព័ត៌ចេញពីប្រទេសថៃ បានផ្សាយអំពីការលក់សិទ្ធិផ្សព្វផ្សាយទូរទស្សន៍ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា ក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។ សារព័ត៌មានថៃ បានផ្សព្វផ្សាយថា កម្ពុជាបានកំណត់តម្លៃលើការទិញសិទ្ធិផ្សព្វផ្សាយទូរទស្សន៍ពីព្រឹត្តិការណ៍កីឡាដ៏ធំ ឆ្នាំ២០២៣នេះ។ ខ្ញុំសូមបញ្ជាក់ថា CAMSOC មិនដែលបានកំណត់តម្លៃជាថវិកានូវចំនួនប៉ុណ្ណេះ ឬប៉ុណ្ណោះនោះទេ ដោយយើងបានចរចារគ្នា ជាមួយគណៈកម្មាធិការជាតិអូឡាំពិក នៃប្រទេសអាស៊ីអាគ្នេយ៍ ជាសមាជិកស៊ីហ្គេម ដោយគណៈកម្មាធិការជាតិទាំងនោះ នឹងធ្វើកិច្ចការផ្សាព្វផ្សាយនេះ ជាមួយស្ថានីយទូរទស្សន៍របស់គេរៀងៗខ្លួន ហើយបានគេយកតម្លៃនោះ មកចរចារជាមួយយើង។ កម្ពុជា មិនមែនជាអ្នកកំណត់តម្លៃនោះទេ។ ដូច្នេះសូមមតិសាធារណជនកុំយល់ច្រឡំ លើបញ្ហានេះថា កម្ពុជាជាអ្នកកំណត់តម្លៃលើការទិញ-លក់សិទ្ធិទូរទស្សន៍»។
ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ចុងក្រោយថា៖ «ខ្ញុំសូមបញ្ជាក់ជូនជាថ្មីម្តងទៀតថា កម្ពុជាមិនបានកំណត់តម្លៃលក់សិទ្ធិទូរទស្សន៍ ដើម្បីឱ្យគេទិញនោះទេ ពោលគឺវាស្ថិតនៅលើការចរចារគ្នាទៅតាមទីផ្សារ។ យើងឃើញថា ប្រទេសណាមួយដែលមានទីផ្សារធំ គឺចរចារក្នុងតម្លៃខ្ពស់ រីឯប្រទេសណា ដែលមានទីផ្សារតូច គឺនឹងចរចាពីតម្លៃតូច។ បើយើងកំណត់តម្លៃ គឺខុស ដោយវាស្ថិតនៅលើការចរចាគ្នា ដោយមិនមែនជាការកំណត់តម្លៃនោះទេ។ ដូច្នេះសូមបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិគួរយល់លើបញ្ហានេះឱ្យបានច្បាស់លាស់»៕