ខ្សែប្រយុទ្ធ Darwin Nunez ក៏បានមើលឃើញខ្លួនឯងថាលេងមិនបានល្អដូចការគ្រោងទុកផងដែរ សម្រាប់រដូវកាលដំបូងនៅក្លឹបហង្សក្រហម Liverpool នេះ។
ក្រុមហង្សក្រហម Liverpool បានទិញកីឡាករអ៊ុយរុយហ្គាយនេះក្នុងតម្លៃខ្លួន៨៥លានផោន ដើម្បីមកជំនួសកន្លែងរបស់ Sadio Mane ដែលចាកចេញទៅលេងនៅ Bayern Munich ។ តែសម្រាប់ការលេងនៅរដូវកាលដំបូងនេះ ឃើញថា Nunez នៅមិនទាន់ធ្វើបានល្អ តាមអ្វីដែលអ្នកគាំទ្រចង់បាននៅឡើយទេ។ គេរកបាន១០គ្រាប់ក្នុងការបង្ហាញខ្លួន២៥ប្រកួត ដែលស្ថិតិនេះក៏មិនអាក្រក់ដែរ គ្រាន់តែមិនទាន់ដល់អ្វីដែលអ្នកគាំទ្រចង់បាន ស្របពេលទម្រង់លេងរបស់ក្រុមក៏ធ្លាក់ចុះខ្លាំងនាពេលបច្ចុប្បន្ននេះទៀត។
កីឡាករវ័យ២៣ឆ្នាំបាននិយាយពីអារម្មណ៍របស់ខ្លួនឯងថា៖ “ខ្ញុំមិនគិតថា ខ្ញុំលេងបានល្អហើយទេនាពេលនេះ ប៉ុន្តែខ្ញុំតែងតែចង់ពង្រឹងសមត្ថភាពបន្ថែមជានិច្ច។ ខ្ញុំតែងតែខិតខំជារៀងរាល់ថ្ងៃ។ Klopp យល់ច្បាស់ពីល្បឿនរបស់ខ្ញុំ ហើយគាត់ក៏បានប្រាប់ខ្ញុំថាត្រូវធ្វើចិត្តឱ្យស្ងៀមនិងខិតខំបន្ថែមទៀតផងដែរ។ ខ្ញុំត្រូវការពេលបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពខ្លួនឯង”៕