ក្លឹប Al Nassr អាចនឹងក្លាយជាក្លឹបចុងក្រោយដែលកីឡាករ Cristiano Ronaldo លេងឱ្យហើយ បន្ទាប់ពីរូបគេសម្រេចចិត្តចុះកុងត្រានៅក្លឹបនេះដល់ឆ្នាំ២០២៥។
Ronaldo បានចូលរួមជាមួយក្លឹប Al Nassr កាលពីខែមុន ជាមួយតម្លៃពលកម្ម ១៧៥លានផោនក្នុង១ឆ្នាំ ហើយកុងត្រាដល់ឆ្នាំ២០២៥។ ដោយនេះសបញ្ជាក់ឱ្យឃើញថាដល់ឆ្នាំ២០២៥ Ronaldo នឹងមានអាយុ៤០ឆ្នាំទៅហើយ។ ក្លឹបនៅអារ៉ាប់ប៊ីសាអូឌីតនេះ ក៏ចង់ឃើញវីរបុរសបាល់ទាត់ព័រទុយហ្គាល់រូបនេះចូលនិវត្តន៍នៅទីនេះដែរ។ ប្រសិនបើគេចង់បន្ដលេងបន្ថែមទៀត ក្លឹបក៏អាចនឹងបន្ដឱ្យទៀតដែរ ដោយធ្វើយ៉ាងណា Ronaldo ចូលនិវត្តន៍នៅក្លឹបនេះតែម្ដង។
រំលឹកថា Ronaldo បានបង្ហាញខ្លួនឱ្យក្លឹប Al Nassr ហើយកាលពីថ្ងៃអាទិត្យកន្លងទៅ ដោយជួយក្លឹបយកឈ្នះលើក្លឹប Ettifaq ក្នុងលទ្ធផល ១-០។ បើទោះជាប្រកួតនេះមិនទាន់រកគ្រាប់បាល់បាន ប៉ុន្តែគេក៏ឃើញថា Ronaldo សប្បាយចិត្តក្នុងការចូលទីលានប្រកួតវិញផងដែរ៕