លោក Aliou Cisse ទំនងជាមិនអាចដឹកនាំក្រុមសេណេហ្គាល់ប្រកួតជាមួយក្រុមអង់គ្លេសបាននោះទេ ដោយសារតែមានជំងឺមិនទាន់ជាសះស្បើយឡើយ។
សេណេហ្គាល់ជើងខ្លាំងនៅអាហ្វ្រិក នឹងត្រូវប្រកួតជាមួយក្រុមអង់គ្លេសនៅរាត្រីនេះហើយក្នុងវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ FIFA World Cup 2022 ។ យ៉ាងណាមិញ មុនការប្រកួតចាប់ផ្ដើម លោក Aliou Cisse ដែលជាគ្រូបង្វឹកសេណេហ្គាល់បែរជាធ្លាក់ខ្លួនឈឺទៅវិញ ដោយខកខានដឹកនាំក្រុមហ្វឹកហាត់ប៉ុន្មានថ្ងៃមកហើយ។ គ្រូជំនួយ Regis Bogaert ជាអ្នកបន្ដដឹកនាំក្រុមជំនួស និងធ្វើសន្នីសីទផងដែរ។
លោក Bogaert បាននិយាយមុនការប្រកួតទល់អង់គ្លេសថា៖ “គាត់ឈឺប៉ុន្មានថ្ងៃមកហើយ។ គាត់បានឱ្យយើងដឹកនាំក្រុមហ្វឹកហាត់ម្សិលមិញ។ សង្ឃឹមថាស្អែកគាត់អាចត្រលប់មកដឹកនាំក្រុមបានជាមួយកីឡាកររបស់យើង ប៉ុន្តែយើងក៏ដឹងច្បាស់ថាស្អែកនេះគាត់នឹងលើកទឹកចិត្តយើងផងដែរ។ សេណេហ្គាល់នឹងយកឈ្នះលើក្រុមអង់គ្លេសឱ្យបាន”៕