ជម្រើសជាតិឈរលេខ ២ នៅ FIFA Ranking គឺបែលហ្សិក ហាក់ធ្វើមិនបានល្អនោះទេ នៅ World Cup សារនេះ បន្ទាប់ពីចាញ់ម៉ារ៉ុក ហើយទាមទារឲ្យយកឈ្នះក្រូអាតជាចាំបាច់ ដើម្បីឈោងយកកៅអីឆ្ពោះទៅវគ្គ ១៦ ក្រុម។ មើលពីខាងក្រៅ គឺអាចឲ្យអ្នកគាំទ្រដឹងច្បាស់អំពីទំនាក់ទំនងប្រេះ.ឆា បែកបាក់សាមគ្គីរវាងកីឡាករក្នុងក្រុម តួយ៉ាងដូចស្ថានភាពរបស់ Eden Hazard និង Jan Vertonghen ក៏ដូចជា Thibaut Courtois និង Kevin de Bruyne ដែលជារឿងអាក់អន់ចិត្តគ្នាច្រើនឆ្នាំហើយ។
តើនៅពីក្រោយនោះ មានដើមចមប៉ះពាក្យ ឬធ្លាប់អន់ចិត្តនឹងគ្នាបែបណាខ្លះ តុះទៅតាមដានជាមួយ CTS Sports នៅខាងក្រោម៖
ដើមហេតុនាំឲ្យ De Bruyne និង Courtois លែងរាប់អានគ្នា បើទោះបីស្ថិតក្នុងក្រុមជម្រើសជាតិតែមួយ គឺដោយសាររឿងរ៉ាវផិតក្បត់ កើតឡើងកាលពីជាង ១០ ឆ្នាំមុន។ រឿងរ៉ាវមួយជ្រុងដែលអ្នកគាំទ្រជាច្រើនបានដឹង គឺគេចោទថា Courtois ជាអ្នកមកលួចដណ្ដើមយកមិត្តស្រីរបស់ De Bruyne មានឈ្មោះ Caroline Lijnen តែបើតាមការបញ្ជាក់ពីខាងស្រី គឺថាដោយសារខាងប្រុស មានចិត្តក្បត់មកលើនាងមុន។
Caroline ធ្លាប់ប្រាប់សារព័ត៌មាន Sport របស់បែលហ្សិកបែបនេះថា៖ “នៅរដូវក្តៅ ឆ្នាំ ២០១២ Kevin បានប្រាប់ខ្ញុំ ថាគាត់មានកំពុងមានទំនាក់ទំនងស្នេហាជាមួយអតីតមិត្តភ័ក្ដិជិតស្និទ្ធម្នាក់របស់ខ្ញុំ ហើយខ្ញុំក៏បានសួរទៅគាត់ចំៗ ថារវាងខ្ញុំ និងនាងគាត់រើសយកមួយណា”។
“បើទោះបីខ្ញុំបានផ្តល់ឱកាសឲ្យគាត់ តែទំនាក់ទំនងពួកយើងគឺលេងដូចមុនបន្ទាប់ពីកើតរឿងនោះឡើង ហើយរវាងខ្ញុំនិង Thibaut អ្វីដែលគាត់ផ្តល់ឲ្យខ្ញុំ ត្រឹមពេលមួយយប់ វាជារឿងដែលខ្ញុំខកខានទទួលបានពី Kevin អស់រយៈពេល ៣ ឆ្នាំមកហើយ ជាមួយ Thibaut ខ្ញុំជជែកគ្នាឆាប់ចុះសម្រុង គាត់ក៏ចេះចម្អិនម្ហូបឲ្យខ្ញុំ ដែលរឿងសាមញ្ញទាំងអស់ Kevin អត់ធ្លាប់ធ្វើសម្រាប់ខ្ញុំសោះឡើយ ទើបជាហេតុធ្វើឲ្យយើងត្រូវបង្ខំចិត្តចែកផ្លូវគ្នា”។
ហេតុផលដូចបង្ហាញខាងលើ ទើបនាំឲ្យ De Bruyne និង Courtois លែងសូវស្និទ្ធគ្នាដូចមុន តែទោះជាយ៉ាងណាទីបញ្ចប់ អ្នកទាំងពីរ សុទ្ធតែមិនបាននារីខាងលើដូចគ្នា ហើយម្នាក់ៗក៏មានប្រពន្ធកូនរៀងខ្លួន ពោលបង្កើតបានគ្រួសារថ្មី គ្រាន់ថារឿងចាស់នៅតែដក់ជាប់ក្នុងអារម្មណ៍ មិនអាចបំភ្លេចបាន។
ចំណែកឯរឿងទើបកើតឡើងថ្មីថ្មោង នាំឲ្យប្រធានក្រុម Eden Hazard ប៉ះពាក្យនឹងខ្សែការពារក្រោម Jan Vertonghen គឺត្រង់ថា ដំបូងឡើយ De Bruyne បានលើកឡើងមុនបរាជ័យទល់ម៉ារ៉ុក ថាកីឡាករបែលហ្សិកឥឡូវវ័យចំណាស់អស់ហើយ ម្ល៉េះឱកាសលើកពាន World Cup គឺមិនហ៊ានសង្ឃឹមទេ ខុសពី World Cup 2018។
ក្រោយបរាជ័យ ២-០ ក្រោមថ្វីជើងម៉ារ៉ុក ក៏ស្រាប់តែ Hazard បានលើកឡើង៖ “ខ្សែការពាររបស់យើង មិនបានប្រើប្រាស់ល្បឿនដ៏លឿននោះទេ ពួកគេប្រហែលដឹងខ្លួនឯងហើយ”។ ក៏ស្រាប់តែអតីតកីឡាកររបស់ក្លឹប Spurs គឺ Vertonghen បានសួរទៅ Hazard ចំៗថា៖ “អ្នកឯងគិតថាខ្ញុំយឺតមែនទេ នេះប្រព័ន្ធប្រយុទ្ធខាងលើក៏ធ្វើអត់បានល្អដែរ មើលទៅម៉ារ៉ុក ហេតុអ្វីពួកគេធ្វើបានល្អជាងយើង ក៏ព្រោះតែពួកយើងអាយុច្រើនមែនទេ”។
ជុំវិញរឿងរ៉ាវនេះ មិនច្បាស់ថាមានការដោះស្រាយ សម្របសម្រួលគ្នាហើយឬនៅ ដ្បិតតាមដំណឹងចុះផ្សាយកន្លងមកថា Romelu Lukaku ជាអ្នកដើរតួមកបង្រួបបង្រួមក្រុមឡើងវិញ។ យើងនឹងរង់ចាំមើល តើម៉ោង ១០:០០ នាទីយប់នេះ អ្នកចាត់ការលោក Roberto Martinez នឹងប្រើប្រាស់កីឡាករបែបណា ទល់ជម្រើសជាតិក្រូអាត?
ប្រភព៖ បរទេស