លោក Santos គ្រូបង្វឹករបស់ក្រុមព័រទុយហ្គាល់ បានចាត់ទុកក្រុមអ៊ុយរុយហ្គាយជាក្រុមលេង counter-attack បានល្អមែនទែន មុនការប្រកួតរវាងក្រុមទាំងពីរចាប់ផ្ដើមនៅរាត្រីនេះ។
ក្រុមព័រទុយហ្គាល់កំពុងឈរនៅកំពូលតារាងពូល H ដោយមាន៣ពិន្ទុក្រោយពីយកឈ្នះលើក្រុមហ្គាណា ៣-២ កាលពីប្រកួតដំបូង។ សម្រាប់ប្រកួតទី២នៅរាត្រីនេះ ពួកគេនឹងបន្ដប៉ះក្រុមខ្លាំងនៅអាមេរិកឡាទីន អ៊ុយរុយហ្គាយ ទៀត។ នេះអាចនិយាយបានថាជាប្រកួតសងសឹកសម្រាប់ព័រទុយហ្គាល់ផងដែរ ព្រោះកាលពី World Cup 2018 កន្លងទៅ នៅវគ្គ១៦ក្រុមចុងក្រោយ អ៊ុយរុយហ្គាយ ជាអ្នកទម្លាក់ព័រទុយហ្គាល់ ដោយយកឈ្នះ ២-១ ។
មុនការប្រកួតចាប់ផ្ដើម លោក Santos ដែលជាគ្រូបង្វឹករបស់ព័រទុយហ្គាល់បាននិយាយថា៖ “យើងនឹងលេងប្រយ័ត្នសម្រាប់ការប្រកួតមួយនេះ។ ពួកគេជាក្រុមលេង counter-attack បានល្អ។ ពួកគេមាន Cavani ដែលរកបាន២គ្រាប់ទល់ពួកយើងកាលពីឆ្នាំ២០១៨ ហើយមាន Suarez ថែមទៀត។ បើទោះជាគេចាស់បន្ដិច ប៉ុន្តែបទពិសោធរបស់គេមានច្រើនក្នុងការជួយក្រុម”៕