អតីតខ្សែប្រយុទ្ធជម្រើសជាតិបារាំង និង Arsenal កីឡាករ Thierry Henry បានរិះគន់តារាឆ្នើមរបស់ក្លឹប Paris Saint-Germain កីឡាករ Kylian Mbappe ចំពោះការខកចិត្តរបស់គាត់ទាក់ទងនឹងតួនាទីកណ្តាលនៅក្លឹប។
កាលពីដើមខែមុន Mbappe បានបញ្ចេញយោបល់របស់គាត់អំពីការរៀបចំរបស់គ្រូបង្វឹក PSG លោក Christophe Galtier ពេលបំពេញកាតព្វកិច្ចនៅជម្រើសជាតិ។ ប្រៀបធៀបភារកិច្ចរបស់គាត់សម្រាប់ក្រុមជម្រើសជាតិបារាំង និងក្លឹបរបស់គាត់ គាត់បាននិយាយថា៖
“អ្វីដែលពួកគេចង់បានពីខ្ញុំនៅទីនេះគឺខុសគ្នា។ ខ្ញុំមានសេរីភាពនៅទីនេះច្រើនជាងនៅ PSG។ គ្រូបង្វឹកដឹងថាមានកីឡាករដូចជា Olivier Giroud ដូច្នេះហើយខ្ញុំអាចផ្លាស់ទី និងលេងកន្លែងចន្លោះប្រហោង។ នៅ Paris វាខុសគ្នា គេចង់ឱ្យខ្ញុំលេងជាតួនាទីស្នូលកណ្តាល”។
Henry បានចែករំលែកការយល់ឃើញរបស់គាត់ជុំវិញការលើកឡើងរបស់ Mbappe នេះថា៖
“តើអ្នកដឹកនាំរបស់គាត់ ធ្វើឱ្យគាត់មានអារម្មណ៍ថាក្លឹបសំខាន់ជាង? ឬពួកគេធ្វើឱ្យគាត់មានអារម្មណ៍ថាគាត់សំខាន់ជាងក្លឹប? ខ្ញុំមិនចូលចិត្តលេងនៅចំហៀងនៅ Barcelona នោះទេ ខ្ញុំស្អប់តំណែងនេះណាស់។ ប៉ុន្តែខ្ញុំត្រូវតែធ្វើវាសម្រាប់ក្រុម មានច្បាប់តែមួយគត់គឺប្រសិនបើគ្រូបង្វឹកចង់ឱ្យអ្នកធ្វើអ្វីមួយ នោះអ្នកត្រូវតែធ្វើវាដើម្បីលទ្ធផលរួមរបស់ក្រុម”។
ទោះបីជាយ៉ាងណា របាយការណ៍ជាច្រើនបានបង្ហាញថា Mbappe មិនចុះសម្រុងជាមួយក្លឹប ហើយមានបំណងចង់ចាកចេញពីក្លឹបនៅខែមករាខាងមុខនេះ៕
ប្រភព៖ Sportskeeda