Ruggeri៖ “បើ​កីឡាករ​ Real រូប​នេះ​ជា​ជនជាតិ​អាហ្សង់ទីន ម្ល៉េះ Messi បាន​កាន់​ពាន World Cup ហើយ”

ដូច​អ្នក​បាន​ដឹង​ស្រាប់​ហើយ​ចន្លោះ​ប្រហោង​ក្នុង​អាជីព​របស់ Lionel Messi ដែល​កំពុង​ជួប​ប្រទះ គឺ​ការ​ឈ្នះ​ពាន​រង្វាន់​ខ្នាត​យក្ស​នៅ​ក្រុម​ជម្រើស​ជាតិ ហើយ​នោះ​គឺ​ពាន FIFA World Cup។

បើ​សួរ​ថា តើ​ដោយសារ​មូលហេតុ​អ្វី​ទៅ? ជា​ការ​ពិត​ការ​លេង​លើ​ទីលាន​គឺ​ទាមទារ​កីឡាករ​ក្នុង​ក្រុម​ទាំង ១១ សហការ​គ្នា​បាន​ល្អ មិន​មែន​ល្អ​តែ ១-២ នាក់​គឺ​មាន​ន័យ​ថា​ អាច​យក​ជ័យជម្នះ​បាន​នោះ​ទេ។ ហេតុផល​ហ្នឹង​ហើយ​ទើប​ជម្រើស​ជាតិ​អាហ្សង់ទីន និង​ព័រទុយហ្គាល់​ជា​ដើម​ពិបាក​នឹង​អាច​ប្រជែង​ពាន WC។

យ៉ាង​ណា​តាម​ការ​ជឿជាក់​ពី​លោក Oscar Ruggeri អតីត​ខ្សែ​ការពារ​នៅ​ក្លឹប Boca Junior និង​ជម្រើស​ជាតិ​អាហ្សង់ទីន និយាយ​ថា ប្រសិន​ក្រុម​មាន​ខ្សែ​ការពារ​ឆ្នើម​ដូច​ជា Sergio Ramos នោះ Messi ប្រាកដ​ជា​អាច​ឈ្នះ​ពាន​បាន​ហើយ។

ប្រាប់ ESPN លោក Ruggeri និយាយ៖ “អាហ្សង់ទីន​និង Messi ជាមួយ​វត្តមាន Ramos គឺ​ស្មើ​នឹង​ពាន World Cup ដោយ Ramos គេ​ប្រៀប​បាន​នឹង​បិសាច​ក្នុង​ពិភព​បាល់ទាត់​មួយ​អ៊ីចឹង និយាយ​ទៅ​បើ Ramos គេ​នៅ​តំបន់​ការពារ ហើយ​មាន​សញ្ជាត​អាហ្សង់ទីន នោះ​ក្រុម​នឹង​អាច​ឈ្នះ​ជើងឯក​បាន​ហើយ”។

លោក​បន្ថែម​ថា៖ “ខ្ញុំ​ពិត​ជា​ចង់​មាន​កីឡាករ​ដូច​ជា Ramos នៅ​ជម្រើស​ជាតិ​របស់​ខ្ញុំ ដោយ​យើង​មាន​ខ្សែ​ការពារ​កណ្តាល​ល្អ​ហើយ តែ​មិនមែន​ល្អ​បំផុត​គ្រប់​ពេលវេលា​នោះ​ទេ ខណៈ​ដែល Ramos គឺ​គេ​ល្អ​បំផុត​តែ​ម្តង និយាយ​ទៅ​គេ​ល្អ​ទាំង​ជាង​ខ្ញុំ​ទៅ​ទៀត”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT