Chelsea ឈ្នះ​ទៀត​ហើយ គោលដៅ​បន្ទាប់​គឺ​តាម​យក​លេខ​ ៣ ពី Leicester City

នៅ​ការ​ប្រកួត​ជុំ​ទី ២៨ កាល​ពី​យប់​មិញ​ក្រុម​តោ​ខៀវ​ Chelsea បាន​យក​ឈ្នះ​ក្រុម​ស្ករ​គ្រាប់ Everton ដោយ​លទ្ធផល ២-០។ ៣ ពិន្ទុ​ដែល​ទទួល​បាន​រុញ​ឲ្យ Chelsea មាន ៥០ ពិន្ទុ នៅ​ចាញ់ Leicester ជា​ក្រុម​លេខ ៣ តែ ៣ ពិន្ទុ​ប៉ុណ្ណោះ ខណៈ Everton ឈរ​លេខ​ ៦ មាន ៤៦ ពិន្ទុ។

ទៅ​មើល​ស្ថិតិ​ប្រកួត​កាល​ពី​យប់​មិញ​បន្តិច ខាង​ក្រុម​ម្ចាស់​ផ្ទះ​គ្រប់គ្រង​បាល់​ដល់​ទៅ ៦៦ ភាគរយ នៅ​ការ​បញ្ជូន​បាល់​ចេញ​ពី​ជើង ៧១៣ លើក អម​ដោយ​អត្រា​បញ្ជូន​បាល់​ជោគជ័យ ៨៩ ភាគរយ។ ពួក​គេ​ស៊ុត​សរុប ១៩ លើក ចំ​គោលដៅ ៩ លើក ខណៈ​ដែល​ក្រុម​ភ្ញៀវ​ស៊ុត​បាន​តែ ៧ លើក ចំ​គោលដៅ ១ លើក​គត់​នៅ​ការ​គ្រប់គ្រង​បាល់ ៣៤ ភាគរយ។

គ្រាប់​បាល់​ដំបូង​កើត​ឡើង​ដោយ​ការ​ភ្លាត់​របស់​ខ្សែ​ការពារ Ben Godfrey នៅ​នាទី ៣១ នាំ​ឲ្យ Chelsea ​ឱកាស​នាំ​មុខ​មុន ១-០ ហើយ​រហូត​ដល់​តង់​ទី​ពីរ​នាទី ៦៥ ទើប Jorginho បន្ថែម​គ្រាប់​បាល់​ទី ២ តាម​រយៈ​ការ​ស៊ុត​បាល់​ប៉េណាល់ទី និង​រក្សា​លទ្ធផល​ដល់​បញ្ចប់​ការ​ប្រកួត៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT