Morata៖ “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ចាប់​ដៃ​គូ​ជាមួយ Ronaldo”

Alvaro Morata កាល​ពី​ពេល​ថ្មីៗ​នេះ បាន​លើក​សរសើរ​មិន​ដាច់​ពី​មាត់​ដល់​តារា​ឆ្នើម Cristiano Ronaldo និង​បង្ហាញ​ពី​ក្តី​សប្បាយ​រីករាយ​ពេល​បាន​ចាប់​ដៃ​គូ​ជា​មិត្ត​រួម​ក្រុម​នៅ​ឯ​ក្លឹប Juventus។

ម្ចាស់​ពាន Ballon d’Or ៥ សម័យ​កាល​នៅ​រដូវ​កាល​ទី ៣ ជាមួយ​ក្លឹប Juventus គេ​រក​បាន ១៩ គ្រាប់​នៅ​ការ​បង្ហាញ​ខ្លួន ១៨ ប្រកួត។

នាម​ជា​មិត្ត​រួម​ក្រុម សម្រាប់ Morata ក៏​បាន​ចូលរួម​ចំណែក Assist បាល់​ជា​ញឹកញយ​ឲ្យ​កីឡាករ​ព័រទុយហ្គាល់​ខាង​លើ​ផង​ដែរ។ ប្រាប់​សារព័ត៌មាន Sky Sport Italia កាល​ពី​ពេល​កន្លង​ទៅ Morata និយាយ៖ “វា​ជា​រឿង​ងាយ​ទេ​ក្នុង​ការ​លេង​ជាមួយ​គាត់ ហើយ​អាច​ថា​ពេល​ខ្លះ​ខ្ញុំ​យល់​ចិត្ត​គាត់​ច្រើន ដោយ​ដូច​នៅ​ប្រកួត​ប៉ះ Parma ដែល​ខ្ញុំ​ Assist បាល់​ឲ្យ​គាត់ គឺ​គាត់​យល់​ច្បាស់​ដូច​គ្នា ហើយ​ខ្ញុំ​ក៏​យល់​អំពី​ចង្វាក់​នៃ​ការ​បម្លាស់​ទី​របស់​គាត់​ផង​ដែរ”។

Morata បន្ថែម​ទៀត​ថា៖ “Ronaldo នៅ​តែ​ជា​កីឡាករ​ល្អ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្រ្ត ហើយ​នេះ​គឺ​ជា​ក្តី​រីករាយ​សម្រាប់​ខ្ញុំ ដែល​ខ្ញុំ​ធំធាត់​ឡើង​អាច​មើល​គាត់​លេង ហើយ​ពេល​នេះ​បាន​លេង​ជាមួយ​គាត់​និង Dybala ដោយ​ពួក​គេ​ជា​កីឡាករ​ស្ថិត​នៅ​កម្រិត​ខ្ពស់ ហើយ​យើង​ក៏​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​ទាំង​នៅ​ក្រៅ​ទីលាន​ដូច​គ្នា”៕

ប្រភព៖ GiveMeSport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT