តើ​ក្លឹប Tottenham ខាន​ស្គាល់​រសជាតិ​ឈ្នះ​ពាន​ប៉ុន្មាន​ឆ្នាំ​ហើយ?

ក្លឹប Tottenham Hotspur បាន​យក​ឈ្នះ​ទៅ​លើ Brentford ២-០ ​ដូច​គ្នា​ទៅ​នឹង​ក្លឹប Man City ដែល​បាន​យក​ឈ្នះ Man Utd នៅ​ឯ​កីឡដ្ឋាន Old Trafford។

បែប​នេះ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន EFL Cup ឆ្នាំ ២០២១ នឹង​កំណត់​ការ​ជួប​គ្នា​រវាង​ក្លឹប Tottenham និង Man City ដែល​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ១០:០០ នាទី​យប់ ថ្ងៃ​ទី​ ២៥ មេសា មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

សម្រាប់​ក្រុម​ដឹកនាំ​ដោយ​លោក Pep Guardiola ដូច​អ្នក​បាន​ដឹង​ស្រាប់​ហើយ គឺ​ពួក​គេ​ឈ្នះ​ពាន EFL Cup ៣ ឆ្នាំ​ជាប់​គ្នា​រាប់​តាំង​ពី​ឆ្នាំ ២០១៨។ ដោយឡែក​សម្រាប់​ Spurs ​ឯ​ណោះ​វិញ លើក​ចុង​ក្រោយ​ដែល​ពួក​គេ​ឈ្នះ​ពាន EFL Cup ក៏​ជា​លើក​ចុង​ក្រោយ​នៃ​ជ័យជម្នះ​សម្រាប់​ពាន​រង្វាន់​ទាំង​អស់​របស់​ក្លឹប​ដែរ។

Tottenham ​បាន​ខកខាន​ស្គាល់​រសជាតិ​ឈ្នះ​ពាន​អស់​រយៈ​ពេល​ជិត ១៣ ឆ្នាំ​មក​ហើយ ដោយ​លើក​ចុង​ក្រោយ​ដែល​ពួក​គេ​បាន​លើក​ពាន គឺ​នៅ​ព្រឹត្តិការណ៍ EFL Cup កាល​ពី​ថ្ងៃ​ទី ២៤ ​កុម្ភៈ ឆ្នាំ ២០០៨។ កាល​នោះ​ពួក​គេ​បាន​ប្រកួត​យ៉ាង​ស្វិតស្វាញ​ជាមួយ​ក្លឹប​តោ​ខៀវ Chelsea ​ដោយ​បញ្ចប់​ ៩០ នាទី​បាន​ត្រឹម​លទ្ធផល​ស្មើ ១-១ លុះ​រហូត​ដល់​ការ​បន្ថែម​ម៉ោង​ ១៥ នាទី​ពីរ​ដង ទើប​មាន​គ្រាប់​បាល់​ជ័យជម្នះ​ធ្វើ​បាន​ដោយ​កីឡាករ Jonathan Woodgate។

យ៉ាងណាមិញ​សម្រាប់​ការ​ប្រកួត​នៅ​ឆ្នាំ ២០២១ នេះ ក្រៅ​ពី​ជា​ឱកាស​សម្រាប់​លោក Mourinho បង្កើត​កេរ​ឈ្មោះ​លើក​ពាន​លើក​ដំបូង​ជាមួយ Spurs វា​ក៏​ជា​ពេលវេលា​ដ៏​សក្តិសម​សម្រាប់​តារា​ឆ្នើម Harry Kane ​ដែល​ឈរ​ជើង​នៅ Spurs ជិត ១០ ឆ្នាំ តែ​មិន​ទាន់​ឈ្នះ​ពាន​សូម្បី​តែ​មួយ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT