Barcelona ធ្លាក់​ក្នុង​កំណត់ត្រា​លេង​អន់​បំផុត ខកខាន​កើត​មាន ២៥ ឆ្នាំ

ក្លឹប​យក្ស​ Barcelona ​បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់ Atletico Madrid នៅ​ជុំ​ទី ៨ ក្នុង​ក្របខ័ណ្ឌ LaLiga ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ។ ការ​បាត់បង់ ៣ ពិន្ទុ​នេះ ​បាន​រុញ​ឲ្យ​ឈ្មោះ​របស់​អ្នក​មាន​បុណ្យ​ធ្លាក់​ទៅ​ក្នុង​កំណត់ត្រា​អាក្រក់​ខកខាន​កើត​មាន​អស់​រយៈ​ពេល ២៥ ឆ្នាំ។

៨ ប្រកួត​ដំបូង ក្រុម​ស្ថិត​នៅ​តំបន់​កាតាឡាន់​រក​បាន​តែ ១១ ពិន្ទុ​ប៉ុណ្ណោះ ឈរ​លេខ​រៀង​ទី ១០ ក្នុង​តារាង តាម​រយៈ​ការ​ឈ្នះ ៣ ស្មើ ២ និង​ចាញ់ ៣។ ការ​បាត់បង់​ពិន្ទុ​ដ៏​ច្រើន​បែប​នេះ ធ្លាប់​កើត​មាន​ម្តង​នៅ​រដូវ​កាល ១៩៩៥/៩៦ ហើយ​នៅ​ឆ្នាំ ២០២០ វា​បាន​កើត​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​ហើយ។

នេះ​ជា​ការ​ស្វាគមន៍​ដ៏​អាក្រក់​មួយ សម្រាប់​អ្នកចាត់ការ​ថ្មី​លោក Ronald Koeman ហើយ​ប្រវត្តិ​ច្រំ​ដែល​របស់ Barcelona ដែល​យក​បាន​ពិន្ទុ​ទាប​នៅ ៨ ជុំ​ដំបូង​ ក៏​ធ្លាប់​កើត​មាន​ស្រដៀង​គ្នា ​ពីរ​លើក​ផ្សេង​ទៀត​នៅ​រដូវ​កាល ២០០២/០៣ និង ២០០៣/០៤។

កាល​នោះ​នៅ ៨ ប្រកួត​ដំបូង ពួក​គេ​ឈ្នះ ៣ ស្មើ ៣ និង​ចាញ់ ២ ហើយ​យក​បាន ១២ ពិន្ទុ ដែល​ខ្ពស់​ជាង ១ ពិន្ទុ​ធៀប​នឹង​កំណត់ត្រា​អាក្រក់​នៅ​ពេល​បច្ចុប្បន្ន។

ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ពិបាក​នឹង​អាច​ងើប​មក​វិញ​ខ្លាំង​ណាស់ ព្រោះ​កីឡាករ​សំខាន់ ២ រូប​មាន​ដូច​ជា Gerard Pique និង Ansu Fati ​កំពុង​សម្រាក​ព្យាបាល​របួស ត្រូវ​ចាយ​ពេល​ច្រើន​ខែ។ ហេតុផល​មួយ​ផ្សេង​ទៀត​គឺ​ស្ថានភាព​រង្គោះរង្គើ​របស់​ក្លឹប ទាំង​កញ្ចប់​ចំណាយ​លើ​ថ្លៃ​ពលកម្ម​កីឡាករ ​ក៏​ដូច​ជា​ការ​ប្រឈម​នឹង​បាត់បង់​តារា​ឆ្នើម Lionel Messi ដែល​កុងត្រា​មាន​សុពលភាព​ត្រឹម​ចុង​ខែ​មិថុនា ឆ្នាំ ២០២១៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT