Neymar ​៖​ខ្ញុំ​កំពុង​លេង​ដល់​កម្រិត​កំពូល​ហើយ​នៅ PSG ​

​ខ្សែ​ប្រយុទ្ធ Neymar ​បាន​អះអាង​ថា​ខ្លួន​កំពុង​ឈាន​ដល់​កម្រិត​កំពូល​ហើយ ​នៅ​ពេល​ផ្លាស់​មក​លេង​នៅ​ក្រុម PSG ​ប៉ុន្មាន​ឆ្នាំ​មក​នេះ​។

​អស់​រយៈ​ពេល​៣​ឆ្នាំ​មក​ហើយ​ដែល Neymar ​បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្រុម FC Barcelona ​មក​រួម​ក្រុម​ជាមួយ PSG ​ក្នុង​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​នៅ​លើ​លោក​នេះ ជាង​២០០​លាន​ដុល្លារ​។ ​ការ​ផ្លាស់​មក​លេង​នៅ​ទឹក​ដី​បារាំង​នេះ ​កីឡាករ​ប្រេស៊ីល​ខាង​លើ​បាន​ដាក់​គោលដៅ​ជួយ​ក្រុម​ឈ្នះ UEFA Champions League ​និង​ខ្លួន​ឯង​ត្រូវ​យក​ពាន​រង្វាន់ Ballon d’Or ​ឱ្យ​ទាល់​តែ​បាន​។

តែ​អស់​ពេល​ជា​យូរ​មក​ហើយ​នេះ ​បំណង​ប្រាថ្នា​របស់​គេ​មិន​ទាន់​សម្រេច​ឡើយ។ ​ដោយ​ឡែក​រដូវ​កាល​នេះ PSG ​ហាក់​មាន​ទម្រង់​លេង​ល្អ​ប្លែក ​ហើយ​ក៏​ជា​បេក្ខភាព​មួយ​ដែល​លោក Wenger ​អតីត​អ្នក​ចាត់ការ​ក្រុម Arsenal ​មើល​ឃើញ​ថា​អាច​ឈ្នះ UCL ​បាន​ដែរ។

​ដោយ​ឡែក​សម្រាប់​សាមី​ខ្លួន Neymar ​វិញ ​បាន​អះអាង​ថា​៖ “អំឡុង​ពេល​៣​ឆ្នាំ​មក​នេះ ​ខ្ញុំ​បាន​រៀន​សូត្រ​ចំណេះ​ដឹង​ជា​ច្រើន​។ ខ្ញុំ​បាន​រៀន​រស់​ឆ្លង​ការ​លំបាក​និង​រីករាយ ​ជា​ពិសេស​ពេល​របួស​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មិន​អាច​លេង​បាន។ ​នៅ​ពេល​នេះ ​ខ្ញុំ​មាន​ទម្រង់​លេង​ពេញលេញ​ហើយ ​គ្រួសារ PSG ​គឺ​ដូចជា​គ្រួសារ​តែ​មួយ​អីចឹង។ ពួកគេ​បាន​ជួយ​ខ្ញុំ​ជា​ច្រើន អំឡុង​ពេល​កន្លង​មក​នេះ”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT