Ronaldo ធ្លាប់​គិត​ចង់​ចាកចេញ​ផ្លាស់​ទៅ PSG មុន​ផ្ទុះ​ជំងឺ​រាតត្បាត COVID-19

Cristiano Ronaldo ធ្លាប់​ពិចារណា​គិត​ចង់​ផ្ទេរ​ទៅ​ចូលរួម​នៅ​ក្លឹប​ Paris Saint-Germain មុន​កើត​មាន​ជំងឺ​រាតត្បាត​ទូទាំង​សកលលោក COVID-19។ នេះ​បើ​តាម​របាយការណ៍​ពី​សារព័ត៌មាន France Football ​បាន​ចុះ​ផ្សាយ។

ហេតុផល​ដែល​រុញ​ឲ្យ​លោក​គិត​ដល់​ចំណុច​គ្រោង​ចែក​ផ្លូវ​ជាមួយ Juventus ក៏​ដោយសារ​ទម្រង់​លេង​របស់​ក្លឹប​នៅ​រដូវ​កាល ២០១៩/២០ ហាក់​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង។ មួយ​ផ្សេង​ទៀត​ក្លឹប​សេដ្ឋី​បារាំង​ក៏​ធ្លាប់​មាន​បំណង​ចង់​បាន​ CR7 ដូច​គ្នា ពោល​គឺ​ដាក់​គោលដៅ​តាំង​ពី​ព័រទុយហ្គាល់​ឈ្នះ​ពាន Euro ២០១៦ មក​ម្ល៉េះ។

យ៉ាងណាមិញ​ការ​គ្រោង​ទុក​ទាំង​អស់ ត្រូវ​បាន​បញ្ចប់ ក្រោយ​មាន​ជំងឺ​រាតត្បាត​ COVID-19 ដែល​រុញ​ឲ្យ​ស្ថានភាព​ហិរញ្ញវត្ថុ​នៃ​បណ្តា​ក្លឹប​ទាំង​អស់ ​មិន​អាច​ប្រើប្រាស់​លុយ​ធំ​នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ​បាន​ឡើយ មួយ​ផ្សេង​ទៀត​ក្រៅ​ពី​តម្លៃ​ផ្ទេរ ក្រឡេក​ទៅ​មើល​តម្លៃ​ពលកម្ម​ក៏​ក្លឹប​បារាំង​ត្រូវ​ចាយ​ក្រាស់ក្រែល​ផង​ដែរ​លើ​ Ronaldo។

ការ​ចង់​ចាកចេញ​របស់​ខ្សែ​ប្រយុទ្ធ​វ័យ ៣៥ ឆ្នាំ ត្រូវ​បាន​គេ​មើល​ឃើញ​ថា កាន់​តែ​រសាត់​បាត់​ចេញ​ពី​ចិត្ត ជា​ពិសេស​ក្រោយ​ពេល​ដែល Juventus អាច​ឈ្នះ​ពាន​ Serie A ៩​ រដូវ​កាល​ជាប់​គ្នា​កាល​ពី​ពេល​ថ្មីៗ ហើយ​ស្ថិតិ​នៃ​ការ​រក​គ្រាប់​បាល់​របស់​លោក​ក៏​ធ្វើ​បាន​ល្អ ដោយ ៨៨ ប្រកួត រក​បាន ៦៣ គ្រាប់​ឯ​ណោះ តែ​សោកស្តាយ​មិន​អាច​យក​ឈ្នះ Immobile នៅ​កម្រិត​ប្រជែង​ពាន​ស្បែក​ជើង​មាស​រដូវ​កាល​នេះ​បាន៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT