មាន​អ្នក​ចង់​ដឹង​ច្រើន ហេតុអ្វី​អាជ្ញាកណ្ដាល​ផ្ដល់​បាល់​ពិន័យ Free-Kick នៅ​ប្រអប់​ប៉េណាល់ទី?

ជា​ទូទៅ​អ្នក​ស្នេហា​វិស័យ​បាល់ទាត់ ប្រាកដ​ជា​អាច​បែងចែក​ច្បាស់​រវាង​ការ​ស៊ុត Free Kick និង​ការ​ស៊ុត​បាល់​ពិន័យ ១១ ម៉ែត្រ​ឬ​យើង​ហៅ​ថា ប៉េណាល់ទី។

ប៉ុន្តែ​មាន​រឿង​មួយ​ផ្សេង​ទៀត​ដែល​ជឿ​ថា​ប្រិយមិត្ត​អាច​ជា​ឆ្ងល់​ច្រើន ពាក់ព័ន្ធ​នឹង​ការ​ដែល​អាជ្ញាកណ្ដាល​ផ្ដល់​បាល់ Free Kick ឲ្យ​ស៊ុត​នៅ​ក្នុង​ប្រអប់​គ្រោះថ្នាក់ ជំនួស​ពី​ការ​ផ្ដល់​ជូន​បាល់​ប៉េណាល់ទី។ នៅ​ពី​ក្រោយ​នោះ តើ​ដោយសារ​មូលហេតុ​អ្វី​ទៅ ហើយ​ការ​បង្ក​កំហុស​បែប​ណា​ខ្លះ ទើប​ឈាន​ដល់​ការ​ពិន័យ​បែប​ហ្នឹង?

ភាសា​បច្ចេកទេស​នៅ​ការ​ផ្តល់​ជូន​បាល់​ស៊ុត​មួយ​នោះ គេ​ហៅ​ថា Indirect Free Kick ពោល​គឺ​ខុស​ពី Direct Free Kick ដែល​ជា​ការ​ស៊ុត​បាល់ Free Kick ក្រៅ​ប្រអប់​គ្រោះថ្នាក់​ធម្មតា។ ការ​ស៊ុត Direct Free Kick គឺ​កីឡាករ​អាច​ស៊ុត​មួយ​ជើង​បញ្ចូល​ទី ដោយ​មិន​បាច់​បញ្ជូន​បាល់​បាន តែ Indirect Free Kick ទាមទារ​ឲ្យ​មាន​ការ​បញ្ជូន​បាល់​ចេញពីជើងកីឡាករមួយសិន ទើប​កីឡាករក្នុងក្រុមមួយផ្សេងទៀត​អាច​មាន​សិទ្ធ​ស៊ុត​បាល់​បញ្ចូល​ទី អ៊ីចឹង​មាន​ន័យ​ថា​បើ​ស៊ុត​ត្រង់​មួយ​ជើង​ចូល​ទី ក៏​អាជ្ញាកណ្ដាល​មិន​រាប់​គ្រាប់​នោះ​ឲ្យ​ដែរ។

ពាក់ព័ន្ធ​នឹង​កំហុស​ដែល​អាច​ឈាន​ដល់​ការ​ផ្តល់​ជូន Indirect Free Kick ក្នុង​ប្រអប់​គ្រោះថ្នាក់ គឺ​ជា​ការ​បង្ក​កំហុស​មិន​ធ្ងន់ធ្ងរ​ឬ​អចេតនា មួយ​ផ្សេង​ទៀត​ជា​ការ​បង្ក​កំហុស​ដោយ​គ្មាន​ការ​ប៉ះ​ទង្គិច​រវាង​កីឡាករ​និង​កីឡាករ។

ជា​ឧទាហរណ៍ ដូច​ជា​ការ​រាំងស្ទះ​ដល់​ការ​ស៊ុត​បាល់​របស់​គូ​បដិបក្ខ តាម​រយៈ​ការ​ស្រែក​ជេរ​ប្រមាថ ឬ​ប្រើប្រាស់​ភាសា​មិន​សមរម្យ​ណា​មួយ។ មួយ​ផ្សេង​ទៀត​ដូច​ជា​ពេល​ដែល​អ្នកចាំទី​អូស​បន្លាយ​ពេល​ជ្រុល ដោយ​មិន​ទាន់​ផ្ដាច់​បាល់​ចេញ​ពី​តំណែង​របស់​ខ្លួន​លើស​រយៈ​ពេល ៦ វិនាទី ខណៈ​ដែល​បាល់​ប៉ះ​ដៃ ប្រសិន​ណា​អាជ្ញាកណ្ដាល​មើល​ឃើញ​ថា​កីឡាករ​នោះ​គ្មាន​ចេតនា ក៏​អាច​រាប់​ជា​ការ​ពិន័យ​ផ្តល់​ជូន​ត្រឹម​បាល់ Indirect Free Kick ដូច​គ្នា៕

ប្រភព៖ Quora | IndiaTimes

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT