ប្រធាន​ក្លឹប Fiorentina និយាយ​លួង​ចិត្ត Ribery ភ្លាមៗ ក្រោយ​ជួប​ហេតុការណ៍ចោរគាស់ផ្ទះ

ប្រធាន​ក្លឹប Fiorentina លោក Rocco Commisso បាន​និយាយ​លើក​ទឹកចិត្ត​និង​ពាក្យ​ជំរុញ​ប៉ុន្មាន​ម៉ាត់ៗ​ភ្លាម​ទៅ​កាន់ Franck Ribery ក្រោយ​ជួប​ហេតុការណ៍​ចោរ​លួច​គាស់​ផ្ទះ​លួច​បាន​របស់របរ​មាន​តម្លៃ​មួយ​ចំនួន។

លោក Commisso បាន​និយាយ​ក្រោយ​ពេល​ដែល Ribery ហាក់​មាន​ចិត្ត​លែង​នឹងន​ក្នុង​ការ​បន្ត​ឈរ​ជើង​នៅ​ប្រទេស​អ៊ីតាលី ក្រោយ​បារម្ភ​ខ្លាំង​ពី​សុវត្ថិភាព​របស់​ភរិយា​និង​កូនៗ ខណៈ​ដែល​កាល​រស់នៅ​អាល្លឺម៉ង់​លោក​មិន​ធ្លាប់​ជួប​រឿង​បែប​នេះ​ផង​នោះ។

និយាយ​ប្រាប់​គេហទំព័រ​ផ្លូវការ​ក្លឹប លោក Commisso មាន​ប្រសាសន៍​ថា៖ “ខ្ញុំ​ពិត​ជា​សោកស្ដាយ​និង​ភ្ញាក់ផ្អើល​ជា​ខ្លាំង ចំពោះ​រឿង​ដែល​បាន​កើត​ឡើង​សម្រាប់ Franck Ribery កាល​ពី​យប់​ថ្ងៃ​អាទិត្យ ដោយ​យើង​ចង់​ផ្ញើ​ការ​គាំទ្រ​ពេញ​ទំហឹង​សម្រាប់​ Franck និង​ក្រុម​គ្រួសារ ដោយ​ក្រៅ​ពី​ការ​ខាតបង់​ហិរញ្ញវត្ថុ ក៏​សោកស្តាយ​ចំពោះ​ការ​បាត់បង់​នូវ​របស់របរ​​ខ្លះ​ដែល​មិន​អាច​យក​អ្វី​មក​ជំនួស​បាន”។

លោក​សង្កត់​ធ្ងន់៖ “អ្វី​ដែល​សំខាន់ អ្នក​ប្រហែល​ជា​បាត់បង់​នូវ​អារម្មណ៍​នៃ​ភាព​មាន​សុវត្ថិភាព ពេល​អ្នក​ចាកចេញ​ពី​ផ្ទះ ពី​ប្រពន្ធ​កូន​ហើយ តែ​យើង​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ជួយ​ឲ្យ​អារម្មណ៍​របស់ Franck ត្រលប់​មក​ដូច​ដើម​វិញ និង​ឆ្លងកាត់​ពេល​លំបាក​នេះ​ជាមួយ​គ្នា”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT