Real Madrid ​នឹង​ឈ្នះ​ពាន LaLiga នៅថ្ងៃអាទិត្យ បើ​រឿង​មួយ​នេះ​កើត​ឡើង

ក្រោយ​យក​ឈ្នះ​លើ Athletic Club ១-០ ក្លឹប Real Madrid បាន​នាំ​មុខ ៧ ពិន្ទុ​ទៅ​លើ Barcelona ប៉ុន្តែ​ត្រឹម​ប៉ុន្មាន​ម៉ោងក្រោយ ​អ្នក​មាន​បុណ្យ​បាន​បន្ថយ​សម្ពាធ​មក​វិញ ដោយ​សល់​គម្លាត​ត្រឹម ៤ ពិន្ទុ​ក្រោយ​ក្រុម​របស់​ខ្លួន​បាន​យក​ឈ្នះ​ដូច​គ្នា ទៅ​លើ Villarreal ៤-១។

មាន​ប្រិយមិត្ត​ជា​ច្រើន​បាន​ចោទ​សួរ ថា​តើ Real Madrid អាច​នឹង​លើក​ពាន LaLiga ទី ៣៤ របស់​ខ្លួន​នៅ​ប្រកួត​មួយ​ណា​ដែរ បើ​ការ​ប្រកួតប្រជែង​មាន​ភាព​តានតឹង​ខ្លាំង​បែប​នេះ?

បច្ចុប្បន្ន​នៅ LaLiga សេសសល់​តែ ៤ ជុំ​ទៀត​ប៉ុណ្ណោះ ហើយ​ផ្អែក​តាម​លំដាប់​ពិន្ទុ​នាំ​មុខ​ចំនួន ៤ ពិន្ទុ​របស់ Real នោះ​មាន ៣ លក្ខខណ្ឌ​ដែល​ស្ដេច​ស​អាច​នឹង​លើក​ពាន ដោយ​កាត់​សេចក្ដី​ត្រឹម​ជុំ​ទី ៣៦ ឬ ៣៧៖

១) ប្រសិន​នៅ​ចំណោម ២ ប្រកួត​បន្ទាប់​របស់ Barcelona ពេល​ប៉ះ Espanyol (នៅ​ថ្ងៃ​ទី ៩ ​កក្កដា) និង​ប៉ះ Valladolid (​នៅ​ថ្ងៃ​ទី ១២ ​កក្កដា) ហើយក្លឹប​អ្នក​មាន​បុណ្យ​អាច​រក​បាន​ខ្ពស់​បំផុត​ត្រឹម ១ ពិន្ទុ និងស្របពេលដែល Real Madrid បាន​យក​ឈ្នះ​លើ Alaves នៅ​ថ្ងៃ​ទី ១១ ​កក្កដា នោះ​ម្ចាស់​ពាន LaLiga អាច​កំណត់​បាន​ថា​នឹង​ក្លាយ​ជា​របស់ Real នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍។ នេះ​អាច​ថា​ជា​ករណី​លឿន​បំផុត។

២) ករណី​បន្ទាប់​គឺ Real Madrid អាច​នឹង​ប្រកាស​ជា​ក្រុម​ឈ្នះ​ពាន​នៅ ថ្ងៃ​ទី ១៤ ​កក្កដា ពេល​ប៉ះ Granada។ ប្រសិន​បើ​ជំនួប​ទល់ Alaves និង Granada ក្លឹប Real Madrid បាន​ទទួល​ជ័យជម្នះ​ទាំង​ពីរ​ប្រកួត បែប​នេះ​ចាំ​បាច់​ Barca ត្រូវ​តែ​យក​ឈ្នះ ២ ប្រកួត​ទល់ Espanyol និង Valladolid ដូច​គ្នា ពោល​បើ​ថ្លោះធ្លោយ​ចាញ់​តែ​មួយ​ប្រកួត នោះ Madrid នឹង​ក្លាយ​ជា​ក្រុម​ឈ្នះ​ពាន​ហើយ។

៣) ករណី​មួយ​ផ្សេង​ទៀត​គឺ ប្រសិន​ណា Barcelona ស្មើ​នៅ​ប្រកួត​ទាំង​ពីរ ពោល​គឺ​ទទួល​បាន ២ ពិន្ទុ​ពី​ជំនួប​ទល់ Espanyol និង Valladolid នោះ Madrid ក៏​មិន​សូវ​ហត់ ដោយ​ត្រូវ​ការ​តែ ៤ ពិន្ទុ​ប៉ុណ្ណោះ ពោល​អាច​ស្មើ ១ និង ឈ្នះ ១ ដើម្បី​ក្លាយ​ជា​ក្រុម​ឈ្នះ​ជើង​ឯក៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT