Zidane៖ “ខ្ញុំ​ហត់​នឹង​ពាក្យ​គេ​ថា Real ឈ្នះ​ដោយសារ​តែ​អាជ្ញាកណ្ដាល”

Real Madrid បាន​យក​ឈ្នះ​ទៅ​លើ Athletic Bilbao ក្រោយ​ទទួល​បាន​ឱកាស​ស៊ុត​បាល់​ពិន័យ ១១ ម៉ែត្រ​ដែល​បំបែក​បាន​ដោយ​ Sergio Ramos។

ក្រោយ​ចប់​ការ​ប្រកួត​នៅ​ឯ​កីឡដ្ឋាន San Mames អ្នកចាត់ការ​លោក Zinedine Zidane បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត ជុំវិញ​ពាក្យ​សម្តី​ដែល​និយាយ​ឥត​ឈប់​ថា​អាជ្ញាកណ្តាល​មាន​ភាព​លំអៀង​មក​កាន់​ក្លឹប Real Madrid ច្រើន មិន​ថា​តែ​ក្នុង​ការ​ប្រកួត​ណា​ក៏​ដោយ។

និយាយ​ប្រាប់​សារព័ត៌មាន អ្នកចាត់ការ​បារាំង​ថា៖ “ខ្ញុំ​ហត់​នឹង​ស្តាប់​ពាក្យ​ដែល​គេ​ថា​យើង​ឈ្នះ​ដោយសារ​តែ​អាជ្ញាកណ្តាល​ណាស់ ដោយ​វា​មិន​ផ្លាស់ប្តូរ​អ្វី​ទាល់​តែ​សោះ តែ​ត្រូវ​ដឹង​ថា​កីឡាករ​គួរ​តែ​ទទួល​បាន​ការ​គោរព​ចំពោះ​ជ័យជម្នះ​នេះ និយាយ​ទៅ​គ្មាន​នរណា​ម្នាក់​ដែល​អាច​បញ្ឈប់​គោលដៅ​របស់​ក្លឹប​យើង​បាន​ឡើយ”។

ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ឲ្យ Ramos ស៊ុត​បាល់ ១១ ម៉ែត្រ លោក​ក៏​បាន​សង្កត់​ធ្ងន់៖ “គាត់​មាន​លក្ខណៈ​ពិសេស គាត់​បាន​ហ្វឹកហាត់​ការ​ស៊ុត​បែប​នោះ​ជា​ច្រើន បែប​នេះ​វា​ជា​រឿង​វិជ្ជមាន​សម្រាប់​ក្រុម”៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT