ពី​អតីត​ក្មេង​ក្រ​ខ្សត់​យក​ផ្លែ​ស្វាយ​ធ្វើ​ជា​បាល់ ទី​បំផុត Pele ប្រែ​ក្លាយ​ជា​ស្តេច​បាល់ទាត់​លំដាប់​ពិភពលោក

អ្នក​គាំទ្រ​បាល់ទាត់​ចាស់​ថ្មី ​ប្រាកដ​ជា​ស្គាល់​ច្បាស់​នូវ​ឈ្មោះ​វីរបុរស​ក្នុង​វិស័យ​បាល់ទាត់​មួយ​រូប​នោះ​គឺ <<Pele>>។ លោក​ត្រូវ​បាន​គេ​ស្គាល់​ជា​អតីត​កីឡាករ​បាល់ទាត់​ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង ១ ពាន់​គ្រាប់ និង​ធ្លាប់​ឈ្នះ​ពាន World Cup ច្រើន​ជាង​គេ​បង្អស់​ដល់​ទៅ ៣ លើក​ក្នុង​អាជីព។

តើ​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ ​និង​ជា​បុគ្គល​ដែល​មាន​ការ​ទទួល​ស្គាល់​ទូទាំង​សកលលោក ដំណើរ​ជីវិត​របស់ Pele ធ្លាប់​ឆ្លងកាត់​រឿង​លំបាក​បែប​ណា​ខ្លះ? តោះ​ទៅ​តាមដាន​ជាមួយ CTS Sports ដូច​ត​ទៅ៖

Edson Arantes do Nascimiento ឬ​ជាប់​រហ័ស​នាម Pele កើត​នៅ​ថ្ងៃ​ទី ២៣ ​តុលា ឆ្នាំ ១៩៤០ ក្នុង​ទីក្រុង Tres Coracoes ដែល​មាន​ចម្ងាយ​ជាង ៣២០ គ.ម ពី​រដ្ឋធានី Rio de Janeiro របស់​ប្រទេស​ប្រេស៊ីល។ លោក​បាន​កើត​ក្នុង​ទ្រនំ​គ្រួសារ​ក្រ​ខ្សត់ ដែល​មាន​ឪពុក​ឈ្មោះ Joao Ramos do Nascimento AKA Dodinho ​ជា​អតីត​កីឡាករ​បាល់ទាត់​លេង​ឲ្យ​ជម្រើស​ជាតិ​ប្រេស៊ីល និង​ម្ដាយ​ឈ្មោះ​ Celeste Arantes ​ជា​ស្ត្រី​មេ​ផ្ទះ។

ស្ថានភាព​គ្រួសារ​របស់ Pele មិន​ជា​អ្នក​ធូរធារ​ដូច​គ្រួសារ​ឯ​ទៀត​នោះ​ទេ ដោយ​ឪពុក​ត្រឹម​ជា​កីឡាករ​ដែល​ចូល​និវត្ត ព្រោះ​នៅ​សម័យ​នោះ​វិស័យ​បាល់ទាត់​មិនមែន​ជា​អាជីព​ដែល​អាច​រក​ចំណូល​បាន​ក្រាស់ក្រែល​ដូច​បច្ចុប្បន្ន​ ទើប​ជា​ហេតុ​បង្ខំ​ឲ្យ​លោក​ព្យួរ​ស្បែក​ជើង​យ៉ាង​ឆាប់​រហ័ស​បំផុត ដើម្បី​យក​ពេល​ទៅ​ស្វែងរក​ការងារ​នៅ​ខាង​ក្រៅ ខណៈ​ដែល​ម្ដាយ​ក៏​ធ្លាប់​ស៊ីឈ្នួល​ជា​អ្នក​បម្រើ​តាម​ផ្ទះ​ឲ្យ​គេ ដើម្បី​បាន​ថវិកា​បន្តិចបន្តួច​ផ្គត់ផ្គង់​ដល់​ការ​សិក្សា​របស់ Pele។

កាល​នៅ​ពី​ក្មេង​លោក​ធ្លាប់​មាន​ក្តី​ស្រមៃ​ចង់​ក្លាយ​ជា​អ្នក​បើក​យន្តហោះ ប៉ុន្តែ​បំណង​ប្រាថ្នា​នេះ​បាន​លិច​បាត់​ទៅ​វិញ នៅ​ពេល​ដែល​មាន​ហេតុការណ៍​ធ្លាក់​យន្តហោះ​មួយ​ក្បែរ​ផ្ទុះ​របស់​លោក ដោយ​បណ្ដាល​ឲ្យ​ Pilot និង​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់​បាន​បាត់បង់​ជីវិត។

ចាប់​តាំង​ពី​ពេល​នោះ​មក Pele បាន​មាន​ឆន្ទៈ​ខិតខំ​ហ្វឹកហាត់​បាល់​ជាមួយ​ឪពុក ដោយ​លោក​មិនមែន​ថវិកា​ទិញ​បាល់​យក​មក​លេង​ដោយ​ផ្ទាល់​នោះ​ទេ ពោល​ត្រឹម​មូល​ស្រោមជើង​ចូល​គ្នា​ចាត់​ទុក​ថា​ជា​បាល់ ឬ​ពេល​ខ្លះ​ប្រើប្រាស់​ផ្លែ​ស្វាយ​ធ្វើ​ជា​បាល់​ក៏​មាន។

រូបតំណាងស្រង់ពីខ្សែភាពយន្ត Pele

រូបតំណាងស្រង់ពីខ្សែភាពយន្ត Pele

បញ្ជាក់​ថា​មូលហេតុ​ដែល Pele ខិតខំ​ហ្វឹកហាត់​មិន​បោះបង់ នោះ​ក៏​ដោយសារ​មើល​ឃើញ​ពី​ទេពកោសល្យ​របស់​ឪពុក​ខ្លួន ដែល​ជា​កីឡាករ​បាល់ទាត់​ដ៏​ល្អ​បំផុត​មួយ​រូប តែ​ត្រូវ​បង្ខំ​ចិត្ត​បោះបង់​ព្រោះ​គ្មាន​ថវិកា។ ឪពុក​ Pele ធ្លាប់​មាន​កំណត់ត្រា​រក​បាន ៥ គ្រាប់ ដោយ​ការ​ប្រើប្រាស់​ក្បាល​តែត​បញ្ចូល​ទី​ក្នុង​មួយ​ប្រកួត មិន​ទាន់​មាន​នរណា​អាច​ធ្វើ​បាន​ដូច។ Pele ធ្លាប់​និយាយ​ថា៖ “មាន​តែ​ព្រះ​ជា​ម្ចាស់​ទេ អាច​ពន្យល់​ថា​ឪពុក​របស់​ខ្ញុំ​អាច​ធ្វើ​បែប​នោះ​បាន​ដោយ​របៀប​ណា”។

ឪពុក​របស់​ Pele បាន​ទទួល​មរណភាព​នៅ​វ័យ ៨៩ ឆ្នាំ កាល​ពី​ថ្ងៃ​ទី ១៦ ​វិច្ឆិកា ឆ្នាំ ១៩៩៦ ក្នុង​ទីក្រុង Sao Paulo។ ក្រឡេក​ទៅ​មើល​ម្តាយ​របស់ Pele បន្តិច គឺ​អ្នក​ស្រី Arantes ក៏​ជា​ស្ត្រី​ដ៏​គួរ​ឲ្យ​គោរព​ម្នាក់​បំផុត​ផង​ដែរ ព្រោះ​បាន​លុតដំ​កូន​ឲ្យ​រៀន​ក្លាយ​ជា​មនុស្ស​ល្អ​តាំង​ពី​នៅ​តូច។ Pele ធ្លាប់​និយាយ​អំពី​ម្តាយ​ថា៖ “ម្តាយ​របស់​ខ្ញុំ​ជា​ស្រ្តី​ដ៏​អស្ចារ្យ​បំផុត គាត់​តែងតែ​ខ្វល់ខ្វាយ​ពី​គ្រួសារ​និង​ការ​សិក្សា​របស់​ខ្ញុំ ហើយ​បាន​បង្រៀន​ឲ្យ​ខ្ញុំ​ចេះ​គោរព​និង​ឲ្យ​តម្លៃ​មនុស្ស”។

បង្វែរ​ចូល​អាជីព​ក្នុង​កីឡាករ​បាល់ទាត់ Pele បាន​ចាប់ផ្ដើម​លេង​ឲ្យ​ថ្នាល​យុវជន Bauru នៅ​ពេល​មាន​អាយុ ១៣ ឆ្នាំ និង​វិវត្ត​ខ្លួន​ទៅ​ចូលរួម​នៅ​ក្លឹប Santos ក្នុង​​អាយុ ១៥ ឆ្នាំ និង​នៅ​ជម្រើស​ជាតិ​នា​រយៈ​ពេល ១ ឆ្នាំ​បន្ទាប់។ ចន្លោះ​ពេល​អាជីព​ជាង ២០ ឆ្នាំ Pele ចូលរួម​ការ​ប្រកួត​សរុប ១ ៣៦៣ លើក រក​បាន​ ១ ២៨១ គ្រាប់ ដោយ​នេះ​រាប់​ទាំង​គ្រាប់​បាល់​ក្លឹប+ជម្រើស​ជាតិ មិន​ថា​ប្រកួត​មិត្តភាព​ឬ​ប្រកួត​ផ្លូវការ។

និយាយ​ពី​ពាន​រង្វាន់​និង​ជោគជ័យ​ធំៗ Pele ធ្លាប់​ឈ្នះ World Cup ៣ លើក និង​ឈរ​ឈ្មោះ​ជា​កីឡាករ​ប្រេស៊ីល​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ចំនួន ៧៧ គ្រាប់ ​និង​ពាន​ធំ​តូច​ជាមួយ​ក្លឹប​ក៏​ដូច​ជា​បុគ្គល​មិន​ក្រោម ៣០ ពាន​ឡើយ។

Pele ដែល​បច្ចុប្បន្ន​មាន​វ័យ ៧៩ ឆ្នាំ លោក​មាន​ទ្រព្យ​សម្បត្តិ​ជាង ១០០ លាន​ដុល្លារ ដោយ​លោក​ធ្លាប់​មាន​ភរិយា​ចំនួន ៣ លើក ដែល​ចុង​ក្រោយ​បង្អស់​គឺ​អ្នក​ស្រី Marcia Aoki មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ជាង ៤ ឆ្នាំ​ហើយ ​និង​កូន​សរុប​ចំនួន ៧ រូប៕

ប្រភព៖ LifeBlogger

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT