Paolo Maldini ថា​ខ្លួន​នឹង​ជា​ពី​វីរុស​កូរ៉ូណា​ត្រឹម​រយៈ​ពេល ១ សប្តាហ៍

Paolo Maldini អតីត​វីរបុរស​នៅ​ជម្រើស​ជាតិ​អ៊ីតាលី និង​កូន​ប្រុស​របស់​លោក បាន​តេស្ត​រក​ឃើញ​ថា​មាន​ឆ្លង​វីរុស​កូរ៉ូណា​កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​តាម​ការ​អះអាង​លើ​បណ្តាញ​សង្គម​លោក​បាន​ចេញ​សារ​ថ្លែង​អំណរ​គុណ​ដល់​គ្រប់​គ្នា​ដែល​បាន​បារម្ភ និង​ប្រាប់​ពី​ថេរវេលា​ដែល​ខ្លួន​រំពឹង​ថា​អាច​ជា​សះស្បើយ​ពី​វីរុស​ដ៏​រសើប​ទូទាំង​សកលលោក​មួយ​នេះ។

តាម​រយៈ​វីដេអូ​នៅ​លើ Instagram ​លោក Maldini និយាយ៖ “តាម​រយៈ​វីដេអូ​នេះ​ខ្ញុំ​ចង់​អរគុណ​ដល់​មនុស្ស​រាល់​គ្នា​ដែល​បាន​បង្ហាញ​ក្តី​ស្រលាញ់​និង​ព្រួយបារម្ភ​ពី​សុខភាព​​របស់​ខ្ញុំ និង​កូន​ប្រុស​ខ្ញុំ ដោយ​ពួក​យើង​មិន​អី​ទេ ដោយ​យើង​អាច​នឹង​ជា​សះស្បើយ​ពី​វីរុស​នេះ​ក្នុង​រយៈ​ពេល​​មួយ​សប្តាហ៍”។

លោក​បន្ថែម៖ “ខ្ញុំ​ក៏​ចង់​អរគុណ​ដល់​ក្រុម​គ្រូ​ពេទ្យ និង​បុគ្គលិក​ផ្នែក​សុខាភិបាល​ទាំង​អស់ ដែល​កំពុង​ប្រឈម​នឹង​ស្ថានភាព​ដ៏​បន្ទាន់​នេះ ហើយ​អ្នក​ពិត​ជា​បាន​ធ្វើ​ឲ្យ​យើង​មាន​មាន​មោនភាព​នាម​ជា​ជនជាតិ​អ៊ីតាលី សូម​អរគុណ​ម្តង​ទៀត”។

 

View this post on Instagram

 

A post shared by Paolo Maldini (@paolomaldini) on

រំឭក​ដែរ​ថា Maldini គឺ​ជា​នាយក​ជាន់​ខ្ពស់​មួយ​រូប​នៅ​ក្លឹប AC Milan ខណៈ​កូន​ប្រុស​វ័យ ១៨ ឆ្នាំ​គឺ​កីឡាករ Daniel ​បច្ចុប្បន្ន​ជា​កីឡាករ​ក្នុង​ក្លឹប​នោះ​ផ្ទាល់៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT