លោក Jorge Sampaoli គ្រូបង្វឹកក្រុមអាហ្សង់ទីន និយាយថាខ្លួននៅមានឱកាសរើសកីឡាករម្ដងទៀត ដើម្បីឱ្យលេងជួយ Lionel Messi ទទួលបានជ័យជម្នះលើក្រុមនីហ្សេរីយ៉ា នាប្រកួតចុងក្រោយ។
អាហ្សង់ទីន ត្រូវការឈ្នះដាច់ខាត ហើយរកឱ្យបានច្រើនគ្រាប់ទៀត ដើម្បីរក្សាតំណែងឡើងលេខ២ក្នុងពូល ឆ្លងទៅវគ្គ១៦ក្រុមចុងក្រោយនាយប់ម៉ោង១រំលងអាធ្រាត្រនេះ។ ទន្ទឹមនឹងការប្រកួតសំខាន់ឈានចូលមកដល់នេះដែរ លោក Sampaoli ដែលកំពុងរង់ការរិះគន់និងត្រូវអ្នកគាំទ្រចង់ដកចេញពីតំណែងផងនោះ បាននិយាយថាលោកនៅសល់ឱកាសម្ដងទៀតយប់នេះ ដើម្បីស្ដាមុខមាត់ឡើងវិញ។
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិឈីលី ខាងលើបាននិយាយថា៖ “ខ្ញុំមានអារម្មណ៍ថា ខ្ញុំដូចជាជនឧក្រិដ្ឋអីចឹង។ នេះជាបាល់ទាត់ ហើយខ្ញុំជាគ្រូបង្វឹកខ្ញុំត្រូវការសម្រេចចិត្ត។ ខ្ញុំជាអ្នកឃើញ អ្នកបានមើលកីឡាកររបស់ខ្ញុំ ដូច្នេះខ្ញុំអាចនិយាយបាន។ ខ្ញុំនៅមានឱកាសរើសកីឡាករ១១នាក់ម្ដងទៀត ដើម្បីឱ្យលេងជាមួយ Messi ឆ្លងផុតឧបសគ្គនេះ”។
អ្នកគាំទ្រអាហ្សង់ទីន រិះគន់ទៅលើលោក Sampaoli ខ្លាំង បន្ទាប់ពីដឹកនាំក្រុមមិនបានល្អ ស្មើអ៊ីស្លង់ ១-១ និងទៅចាញ់ក្រុមក្រូអាតដល់ ៣-០។ ស្របពេលដែលក្រោយពីចាញ់ក្រូអាតទៅ លោកបានបន្ទោសលើកីឡាករអសមត្ថភាពទៀត ទើបបណ្ដាលឱ្យមានការខឹងសម្បារកាន់តែខ្លាំងពីសំណាក់អ្នកគាំទ្រ និងកីឡាករក្នុងក្រុមមួយចំនួន៕ប្រភព៖ DailyMail