ក្រុម Liverpool យកឈ្នះលើក្រុម Salzburg បានក្នុងលទ្ធផល ៤-៣ កាលពីយប់មិញ ប៉ុន្តែវាមិនធ្វើឱ្យលោក Klopp អ្នកចាត់ការក្រុមសប្បាយចិត្តជាមួយទម្រង់លេងកូនក្រុមឡើយ។
ក្នុងការប្រកួតនេះហង្សក្រហមនាំមុខបានមុន៣គ្រាប់ ប៉ុន្តែបែរជាភ្លាត់ត្រូវក្រុម Salzburg វាយបកបន្ដបន្ទាប់រហូតបានគ្រាប់បាល់៣គ្រាប់មកវិញតាមស្មើ។ ជាសំណាងដែរ ដែល Salah អាចរកបាន១គ្រាប់ទៀត ដែលជាគ្រាប់បាល់ជ័យជម្នះតែម្ដង សម្រាប់ការប្រកួតទី២ក្នុងពានរង្វាន់ UEFA Champions League នេះ។
ទម្រង់នៅយប់មិញ ធ្វើឱ្យលោក Klopp មិនពេញចិត្តឡើយ។ ក្រោយចប់ការប្រកួត អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បាននិយាយថា៖ “ខ្ញុំមិនខឹងកីឡាករយើងទេ ប៉ុន្តែយើងបានបាត់ការគ្រប់គ្រងបាល់។ យើងលេងល្អ ប៉ុន្តែបែរជាមិនអាចលេងឱ្យត្រូវផ្លូវ ដែលធ្វើឱ្យមិនអាចគ្រប់គ្រងការប្រកួតមួយនេះបាន។ កំហុសរបស់យើងគឺយើងនាំមុខគេ៣គ្រាប់ហើយ តែបែរជាបើកទ្វាឱ្យ Salzburg រកគ្រាប់បាល់តាមបានវិញ”៕ប្រភព៖ Dailymail