Solskjaer បង្ហាញពីការបដិសេធពីរដងក្នុងការចុះហត្ថលេខា Haaland ពីសំណាក់ Man Utd

Haaland បានក្លាយជាកីឡាករល្អបំផុតរបស់ពិភពលោកចាប់តាំងពីផ្លាស់ទៅ Manchester City កាលពីរដូវក្តៅមុន ប៉ុន្តែគាត់ស្ទើរតែបានចូលរួមជាមួយក្រុម Man United ទៅហើយក្នុងអាជីពរបស់គាត់។ខ្សែប្រយុទ្ធរូបនេះបានឆ្លងកាត់ក្លឹប Molde នៃប្រទេសន័រវេស នៅពេលដែលលោក Solskjaer ធ្វើជាគ្រូបង្វឹកនៅទីនោះ ហើយដែលជាវីរបុរសក្លឹប Man United នោះ ក៏បានណែនាំអតីតក្លឹបរបស់គាត់ចុះហត្ថលេខា Haaland មុនចុះកុងត្រាយកកីឡាករផ្សេង។ Solskjaer បាននិយាយនៅលើកម្មវិធី Stick to Football ថា៖

“ខ្ញុំគ្រប់គ្រង Erling Haaland នៅ Molde អស់រយៈពេលពីររដូវកាល។ រដូវក្តៅមុនពេលខ្ញុំមកដល់ Man United ខ្ញុំបានទូរស័ព្ទទៅក្លឹបហើយនិយាយថា ‘អ្នកត្រូវចុះហត្ថលេខាលើក្មេងប្រុសនេះ គាត់នឹងក្លាយជាកីឡាករកំពូល’។ នោះគឺនៅចន្លោះខែមិថុនា កក្កដា ឆ្នាំ២០១៨ ហើយពួកគេបាននិយាយថាទេ ពួកគេមានរបាយការណ៍គ្រប់គ្រាន់អំពីកីឡាករ។”

លោក Solskjaer បានបន្តទៀតថា៖

“កាលនៅ Molde យើងបានលក់ Haaland ទៅអោយ RB Salzburg។ ខ្ញុំប្រាប់ក្លឹប Man United ភ្លាមៗឱ្យទិញគាត់ ខណៈដែលគាត់មានលក្ខខណ្ឌផ្តាច់កុងត្រាល្អ។

យើងបានដឹងថានៅពេលនោះ គ្មាននរណាម្នាក់នឹងចាយប្រាក់ ២០ លានផោននោះទេ យើងនឹងអាចចរចារតម្លៃបានខ្លះទៀត ទោះបីជាឪពុករបស់គាត់ Alfie Haaland មានទំនាក់ទំនងល្អជាមួយ Manchester City និង Leeds ក៏ដោយ។ វាគឺជាការសម្រេចចិត្តរបស់ក្លឹបក្នុងការមិនទទួលយកសំណើនេះ កាលពីឆ្នាំ ២០២០។យើងមិនដែលដាក់សំណើ ឬចូលទៅចរចារទិញគាត់នោះទេ រហូតទាល់តែគាត់ចាប់ផ្តើមស៊ុតបញ្ចូលទីឱ្យ Salzburg។ នៅពេលនោះ Borussia Dortmund នៅទីនោះ Juventus នៅទីនោះ គ្រប់គ្នានៅទីនោះ។ លក្ខខណ្ឌផ្តាច់កុងត្រារបស់គាត់នៅពេលនោះឡើងដល់ ៦០ លានអឺរ៉ូ។”

Haaland បានចុះហត្ថលេខាជាមួយ Dortmund ក្នុងខែមករាឆ្នាំ ២០២០ និងស៊ុតបញ្ចូលទីបាន ៨៦ គ្រាប់ក្នុង ៨៩ ប្រកួតមុនពេលចូលរួមជាមួយ Man City នៅរដូវក្តៅឆ្នាំ ២០២២៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT