Chelsea កំណត់គោលដៅអ្នកចាត់ការពីររូបសម្រាប់ជំនួសតំណែងលោក Mauricio Pochettino

ក្រុមតោខៀវបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី១១ ក្នុងតារាង Premier League ហើយថ្មីៗនេះរងភាពអាម៉ាស់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup ដោយចាញ់ក្រុម Liverpool ក្នុងលទ្ធផល ១-០ ដែលដាក់កីឡាករក្មេងៗគ្មានបទពិសោធន៍លេង។ ក្នុងអំឡុងពេលប្រកួតស្មើ ២-២ កាលពីថ្ងៃសៅរ៍នៅឯទីក្រុងឡុងដ៍ភាគខាងលិច Brentford អ្នកគាំទ្រ Chelsea បានស្រែកឌឺដង Mauricio ឲ្យចាកចេញ ក៏ដូចជាឌឺដងឲ្យសហម្ចាស់ក្លឹប លោក Todd Boehly ផងដែរ។ អ្នកគាំទ្រភាគច្រើនមិនដែលមានភាពកក់ក្តៅចំពោះការដឹកនាំរបស់លោក Pochettino នោះទេ ចំពោះលទ្ធផលនៃការដឹកនាំរបស់គាត់ និងដោយសារតែទំនាក់ទំនងដ៏យូរអង្វែងរបស់គាត់ជាមួយគូប្រជែង Tottenham Hotspur។កាសែត The Guardian រាយការណ៍ថា ខណៈដែល Chelsea ចង់រង់ចាំរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីពិនិត្យមើលតួនាទីរបស់ Pochettino ក្លឹបក៏កំពុងសម្លឹងមើលអ្នកស្នងតំណែងដែលអាចធ្វើទៅបាន ដោយ De Zerbi និង Amorim លេចចេញជាឈ្មោះដែលពួកគេចូលចិត្ត។

ថ្នាក់គ្រប់គ្រងរបស់ក្លឹបនៅតែគាំទ្រលោក Pochettino ហើយចង់ជៀសវាងការសម្រេចចិត្តដ៏ប្រញាប់។ Pochettino ក៏នៅតែបន្តមានការគាំទ្រនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ហើយមានការយល់យោគចំពោះបញ្ហារបួសផ្សេងៗដែលគាត់ជួបក្នុងរដូវកាលនេះ។ការស្វែងរករបស់ពួកគេបាននាំទៅរក De Zerbi របស់ Brighton ដែលជាគោលដៅសម្រាប់ Liverpool ផងដែរក្នុងនាមជាអ្នកស្នងតំណែងរបស់ Jurgen Klopp ក៏ដូចជា Manchester United ប្រសិនបើពួកគេបណ្តេញ Erik ten Hag។ Amorim របស់ Sporting ក៏ស្ថិតក្នុងបញ្ជីបេក្ខភាពរបស់ហង្សក្រហមផងដែរ ហើយពីមុនជាគោលដៅរបស់ Chelsea មុនពេលការតែងតាំងលោក Pochettino៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT