Suarez ថា​ Neymar ​នឹង​ឈ្នះ​គ្រប់​យ៉ាង​រួម​ទាំង Ballon d’Or ​បើ​គេ​មក​ចុះចូល​នៅ​ក្លឹប​អង់គ្លេស​មួយ​នេះ

អតីត​កាល​ចន្លោះ​ឆ្នាំ ២០១៣ ដល់ ២០១៧ ​យើង​មិន​អាច​ប្រកែក​បាន​ទេ ថា Neymar Jr ​មិនមែន​ជា​លំដាប់​កីឡាករ​កំពូល ​ព្រោះ​ទាំង​ទេពកោសល្យ ទាំង​សមិទ្ធផល​បង្ហាញ​មក​លើ​ទីលាន គឺ​សម្រេច​សឹង​គ្រប់​យ៉ាង​អស់​ហើយ​ជាមួយ​ក្លឹប​អ្នក​មាន​បុណ្យ Barcelona។

តារា​ឆ្នើម​ប្រេស៊ីល​កាល​នោះ ក៏​ត្រូវ​បាន​គេ​រាប់​ចូល​ជា​លំដាប់ Top 3 ទូទាំង​សកលលោក នៅ​បញ្ជី​ជាមួយ Cristiano Ronaldo និង Lionel Messi ទៀត​ផង។ ទោះ​យ៉ាង​ណា​ការ​យល់​ឃើញ​ទាំង​អំបាលម៉ាន វា​ត្រូវ​បាន​ផ្លាស់ប្តូរ បន្ទាប់​ការ​ផ្ទេរ​ចូល​របស់​គេ​ក្នុង​ឆ្នាំ ២០១៧ នៅ​តម្លៃ​បំបែក​កំណត់ត្រា ២២២ លាន​អឺរ៉ូ ទៅ​កាន់​ក្លឹប​បារាំង Paris Saint-Germain។

ហែល​ពេលវេលា​ជាមួយ​ក្លឹប​ក្នុង​ទីក្រុង​ប៉ារីសជាង ៦ ឆ្នាំ ក៏​ច្រើន​ជាង​ទាំង​កាល​នៅ Barcelona តែ​ងាក​ទៅ​គ្រប់​យ៉ាង​ដែល​កីឡាករ​ទទួល​បាន​មក​វិញ គឺ​លុយ​ច្រើន​ជាង​ជោគជ័យ។ ជាក់ស្តែង Champions League អត់​ធ្លាប់​បាន​ឈ្នះ​សូម្បី​ម្តង ដូច​គ្នា​នឹង Ballon d’Or ក៏​រំលង​រាប់​ឆ្នាំ គ្មាន​ឈ្មោះ​សូម្បី​នៅ​ចំណាត់ថ្នាក់ Top 3។

កត្តា​របួស​ញាំញី​ បូក​ផ្សំ​ការ​ធ្លាក់​ទម្រង់​ដែរ​នោះ នាំ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ស្លាប ជំនាញ​លេងបាល់ Freestyle ​ត្រឹម​រក​បាន ១១៨ គ្រាប់ និង Assist ៧៧ លើក នៅ ១៧៣ ប្រកួត។ គេ​ស្គាល់​តែ​រសជាតិ​ឈ្នះ​ជើង​ឯក​ពាន​ក្នុង​ស្រុក​បារាំង បាំង​អស់​ហើយ​ពាន​ធំ​ក្នុងដីអឺរ៉ុប មិន​ថា​តែ​ជាមួយ​ក្លឹប និង​ប្រភេទ​ឯកត្តជន​នានា។

ដល់​ងាក​ទៅ​ Luis Suarez ដែល​ធ្លាប់​ជា​អតីត​ Trio តំបន់​ប្រយុទ្ធ​រួម​គ្នា MSN នៅ Camp Nou បាន​សង្កត់​ធ្ងន់​ថា បើ​ពេល​នោះ​អតីត​យុវជន Santos ​ជ្រើស​បន្ត​នៅ Barcelona ឬ​មាន​ជម្រើស​ផ្ទេរ​ទៅ​ក្លឹប​យក្ស​នៅ​អង់គ្លេស ម្ល៉េះ​គេ​នឹង​អាច​ជោគជ័យ​ជាង​នៅ PSG ហើយ​ក៏​អាច​ឈ្នះ​គ្រប់​យ៉ាង​ក្នុង​ពិភព​បាល់ទាត់។

រំឭក​សម្តី​ចាស់​របស់​កីឡាករ​អ៊ុយរុយហ្គាយ ធ្លាប់​ឲ្យ​យោបល់​ចំៗ​ទៅ​កាន់​កីឡាករ​ប្រេស៊ីល៖ “ប្រសិន Neymar គេ​បន្ត​នៅ Barcelona ខ្ញុំ​ច្បាស់​ណាស់​គេ​នឹង​ឈ្នះ​ពាន Ballon d’Or យើង​បាន​ទៅ​ជជែក​ជាមួយ Neymar ដោយ​ផ្ទាល់​ដែរ ថា​បើ​ចង់​ឈ្នះ​គ្រប់​យ៉ាង​គេ​ត្រូវ​តែ​នៅ​ទី​នេះ តែ​ពេល​ខ្លះ​យើង​យល់​អំពី​បរិយាកាស​ដែល​ពិបាក​នឹង​គ្រប់គ្រង”។

លោក​បន្ត៖ “យើង​ជា​មិត្តភក្តិ យើង​ចង់​ឲ្យ​គេ​នៅ តែ​ការ​សម្រេច​ចិត្ត​របស់​គេ គឺ​សម្រាប់​ខ្លួន​ឯង​និង​ក្រុម​គ្រួសារ មួយ​វិញ​ទៀត​យើង​ថា​ដែរ បើ​ចាកចេញ​ទៅ ហេតុអ្វី​ត្រូវ​ទៅ​ក្លឹប​នៅ​បារាំង ពួក​យើង​ណែនាំ​ឲ្យ​គេ​ទៅ Manchester City ត្រង់​បាល់ទាត់​នៅ​អង់គ្លេស​គឺ​ល្អ​សម្រាប់​គេ​ជាង ក៏​នឹង​អាច​ឈ្នះ​អ្វីៗ​បាន​ដូច​គ្នា”។

ជា​ការ​ពិត​បើ​យើង​ស្រមៃ​ដូច​សម្តី​របស់ Suarez លើក​ឡើង គឺ​វា​អាច​ទៅ​រួច សម្រាប់ Neymar ក្នុង​ការ​ឈ្នះ​ពាន​ធំ​តូច រួម​ទាំង​ពាន​ឯកត្តជន​គ្រប់​យ៉ាង​នៅ Etihad Stadium។ ជា​ឧទាហរណ៍​ជាក់ស្តែង​មើល​តែ​លទ្ធផល​សម្រេច​របស់ Julian Alvarez, Erling Haaland និង Phil Foden ជា​ដើម ពួក​គេ​នៅ​ក្មេង​ទេ បទពិសោធន៍​ស្ទើរ​ជាង​ Neymar ផង តែ​ស្គាល់​រួច​ហើយ​រសជាតិ​ឈ្នះ​ជើង​ឯក Champions League, UEFA Super Cup ថែម​ទាំង​ FIFA Club World Cup។ តាមថា ល្បាក់មុនចុងឆ្នាំដែល Neymar ចប់កុងត្រាជាមួយ Nike បើគេឈ្នះពាន Ballon d’Or ខាងក្រុមហ៊ុនជាដៃគូឧបត្ថម្ភ នឹងបន្ថែម Bonus ឲ្យដល់ ១ លានដុល្លារ តែវាបែរមិនអាចកើតឡើង។

ឥឡូវ​បក​មក​ពេលវេលា​បច្ចុប្បន្ន វា​ហួស​ឆ្ងាយ​ណាស់​ទៅ​ហើយ ក្នុង​ការ​ត្រលប់​សម្រាប់​ខ្សែ​ប្រយុទ្ធ​ទើប​ឈាន​ចូល​អាយុ ៣២ ឆ្នាំ​ថ្មីថ្មោង ត្រង់​កំពុង​តំណាង​ឈ្មោះ​នៅ Al-Hilal ហើយ​សម្រាក​ព្យាបាល​របួស មិន​ទាន់​ជា​សះស្បើយ​ផង។ ​ចុងក្រោយ​រំឭក​បន្តិច ពាក់ព័ន្ធ​នឹង​កីឡាករ​ប្រេស៊ីល​ចុងក្រោយ​កាន់​ពាន Ballon d’Or គឺ​ខកខាន​កើត​ឡើង​តាំង​ឆ្នាំ ២០០៧ គ្រា​ជំនាន់ Kaka ឈរ​ជើង​នៅ AC Milan។ ចុះ​ពេល​ទៅ​មុខ​នេះ ពួក​គេ​មាន​ធនធាន​ល្អៗ​ដូច Vinicius Jr, Rodrygo, Richarlison និង Antony ​ជា​ដើម ចាំ​មើល​តើ​មាន​អ្នក​អាច​ទៅ​រួច​ទេ?

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT