Garnacho ទុក​សម្តី Di Maria មួយ​ឡែក ព្រោះ​ស្រលាញ់​គឺ​ស្រលាញ់ ខណៈ Hojlund ​បន្ត​រះ​ឡើង​អត់​ថយ

មុន​ការ​ប្រកួត​របស់ Man United រយៈ​ពេល ៣ ​ថ្ងៃ ងាក​ទៅ​អតីត​កីឡាករ​ Angel di Maria ដែល​ធ្លាប់​ឈរ​ជើង​នៅ Old Trafford បាន​បង្ហាញ​ចំណាប់អារម្មណ៍​ពាក់ព័ន្ធ​កាយវិការ​របស់ Alejandro Garnacho សព្វថ្ងៃ ថា​បើ​ជា​ខ្លួន​វិញ មាន​សញ្ជាតិ​អាហ្សង់ទីន​ដូច្នេះ ម្ល៉េះ​ពេល​អបអរ មិន​ទៅ​អបអរ​ស្ទាយ​តាម Cristiano Ronaldo ទេ ផ្ទុយ​ទៅ​វិញ បន្ទាប់​បំប៉ោង​សំណាញ់​ទី គេ​នឹង​រត់​ទៅ​អបអរ​ស្ទាយ Lionel Messi ជំនួស។

ដល់​ងាក​ទៅ​សាមី​ខ្លួន​ដែល​ត្រូវ​បាន​សិស្ស​ច្បង​រិះគន់ ហាក់​មិន​ឈឺក្បាល​អ្វី​ទាំង​អស់ ផ្ទុយ​ទៅ​វិញ មាន​តែ​ថែម គឺ​មិន​ថមថយ​ទេ ត្រង់​ការ​យក​បាន ២ គ្រាប់​នៅ​ប្រកួត​យក​ឈ្នះ ៣-០ ទល់ West Ham យប់មិញ គេ​ក៏​ថែម​ទាំង​អបអរ​ស្ទាយ​ថ្មី​របស់ Ronaldo ដែល​ខ្លួន​មិន​ធ្លាប់​បាន​ធ្វើ នោះ​គឺ​រត់​ទៅ​អង្គុយ​ពី​លើ​ផ្ទាំង LED ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ជា​ស្ទាយ​ល្បី​ស្តេច​បាល់ទាត់​ព័រទុយហ្គាល់​ធ្លាប់​បាន​ធ្វើ​ញឹកញាប់​កាល​នៅ Real Madrid។ ខ្សែ​ប្រយុទ្ធ​ពាក់​អាវ​លេខ ១៧ បង្ហើប​ចំៗ​ថា ស្ទាយ​អបអរ​របស់​គេ គឺ​ពិត​ជា​បាន​ជំរុញ​និង​បំផុស​ទឹកចិត្ត​សម្រាប់​គេ​បន្ថែម​ទៀត។

ទង្វើ​នេះ​បង្ហាញ​ច្បាស់​ថា ចិត្ត​ដែល​ស្រលាញ់​គាំទ្រ​របស់​អ្វី​មួយ​សម្រាប់ Garnacho គឺ​នៅ​តែ​បន្ត​ដដែល ដោយ​ឥត​ខ្វល់ខ្វាយ​ពី​សម្តី​រៀម​ច្បង​នៅ​ជម្រើស​ជាតិ​ឡើយ។ បក​ទៅ​មតិ​អ្នក​គាំទ្រ​លើ​បណ្តាញ​សង្គម បាន​បង្ហាញ​ការ​បារម្ភ​ទុក​ជា​មុន ថា​រូបភាព​អស់​នេះ អាច​នឹង​ប៉ះពាល់​ដល់​ទំនាក់ទំនង​ផ្ទៃ​ក្នុង​រវាង​យុវជន​វ័យ ១៩ ឆ្នាំ នៅ​ពេល​ទៅ​លេង​ឲ្យ​ជម្រើស​ជាតិ​នា​ពេល​ខាង​មុខ​ទៀត។

ខ្លះ​ក៏​បង្ហាញ​ការ​ព្រួយ​បារម្ភ ថា​គេ​អាច​នឹង​បាត់បង់​ឱកាស​បង្ហាញ​ខ្លួន​ឲ្យ​ពពក​ស​អាហ្សង់ទីន​នៅ Copa America 2024 នា​ល្បាក់​ពាក់​កណ្តាល​ឆ្នាំ។ យ៉ាង​ណា​ក៏​មាន​មតិ​ខ្លះ​នៅ​តែ​រក្សា​ជំហរ​គាំទ្រ ហើយ​ជឿ​ថា ខាង​ថ្នាក់​លើ​អាហ្សង់ទីន​នឹង​មិន​ផ្តោត​តែ​មើល​រូបភាព​បែប​ហ្នឹង​ទេ សំខាន់​ឲ្យ​តែ Garnacho គេ​មាន​គុណភាព​ពិត​ប្រាកដ ទោះ​គាំទ្រ​ខាង​កីឡាករ​គូ​ប្រជែង​កាន់​ឆ្នាំ​របស់ Messi ក៏​ដោយ។

បន្ត​ទៅ​រឿង Rasmus Hojlund បន្តិច កីឡាករ​ដាណឺម៉ាក​ដែល​មួយ​រយៈ​មុន​ហាក់​រង​ពាក្យ​រិះគន់ ថា​ពិបាក​នឹង​បង្កើត​គ្រាប់​បាល់​បើក​ឆាក​ក្នុង​ក្របខ័ណ្ឌ Premier League ឥឡូវ​បាន​ស៊ុត គឺ​ជក់​ស៊ុត ជាប់​គ្នា ៤ ប្រកួត​ឥត​ដក​ជើង ដល់​កើត​ជា​កំណត់ត្រា​ចារ​ទុក​ទៀត​ផង។

Hojlund បាន​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បង្អស់ ក្នុង​អាយុ ២១ ឆ្នាំ និង ០ ​ថ្ងៃ ដែល​អាច​រក​បាន​គ្រាប់​បាល់​នៅ ៤ ប្រកួត​ជាប់ៗ​គ្នា Premier League តួ​យ៉ាង​តាំង​ពី​ពេល​ប៉ះ Aston Villa, Spurs, Wolves និង West Ham ខណៈ​កាល​ប្រកួត​ទល់ Nottingham មិន​មាន​វត្តមាន​របស់​គេ ដូច្នេះ​យើង​មិន​រាប់​ចូល​ទេ។

ចាប់​អារម្មណ៍​រឿង​ស្ទាយ​អបអរ​របស់​កីឡាករ​កម្ពស់ ១,៩១ ម៉ែត្រ នៅ Old Trafford យប់មិញ​បន្តិច ពេល​ដែល​គេ​រក​បាន​គ្រាប់​បាល់​ចេញ​ពី​ជើង​ខ្លួន​ឯង Hojlund ក៏​រត់​មក​លោត​របៀប​ដេញ​ហ្គីតា​លើ​អាកាស។ ដល់​តែ​សួរនាំ​ទៅ​កីឡាករ​ថា ស្ទាយ​អបអរ​នោះ ​មិនមាន​អត្ថន័យ​អ្វី​បង្កប់​ច្រើន​ទេ តែ​ជា​ការ​ទទូច​ពី​មិត្តភក្តិ​ដែល​ចង់​ឲ្យ​ធ្វើ​តាំង​ពី​ផ្ទេរ​មក​រដូវ​ក្តៅ ហើយ​ប្រកួត​មុនៗ​ចេះ​តែ​មិន​បាន​ធ្វើ ក៏​សម្រេច​បង្ហាញ​ផ្ញើ​ជូន​ពួក​គេ​ថ្ងៃ​ហ្នឹង​តែ​ម្តង​ទៅ។

មើល​ទៅ Hojlund និង Garnacho ហាក់​កំពុង​ត្រូវរ៉ូវ​ចិត្ត​គ្នា​ជា​ខ្លាំង ថា​មិន​ត្រូវ​ពេល​ទៅ​មុខ​អាច​នឹង​ក្លាយ​ជា​ដៃ​គូ​ដៃ​កង់​តំបន់​ប្រយុទ្ធ​ដ៏​មុត​ស្រួច​ក៏​ថា​បាន។ អតីត​សមាជិក​ក្លឹប Copenhagen ​និយាយ​ទាំង​ទឹក​មុខ​ញញឹមញញែម៖ “ពួក​យើង​នៅ​ក្មេង ខ្ញុំ​ទើប​តែ​ចូល ២១ ហើយ​ Garnacho គេ​ ១៩ ឆ្នាំ យើង​នឹង​បន្ត​ល្អ​ប្រសើរ​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​ដូច​គ្នា​នឹង​ទំនាក់ទំនង​រវាង​យើង​នឹង​អភិវឌ្ឍ​ឡើង”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT