ទោះ​លេង​នៅ​លីគ​លំដាប់​ទាប តែ​ខ្សែ​ការពារ​ Al-Bulayhi អត់​ចេះ​ចាវ​ទេ​ទល់​កីឡាករ​លំដាប់​ខ្ពស់ៗ

ស្ថិត​នៅ​ទី​ណា កន្លែង​ណា​ទាប​ខ្ពស់​មិន​សំខាន់ តែ​សំខាន់​ឆន្ទៈ​ហ៊ាន​ប្តូរ​អស់​ហើយ​លើ​ទីលាន ជា​ពិសេស​ក្នុង​នាម​ជា​ខ្សែ​ការពារ​ផង Ali Al-Bulayhi ក៏​ជា​កីឡាករ​ពោរពេញ​ដោយ​បទពិសោធន៍​កាន់​ឆ្នាំ មួយ​រយៈ​ចុងក្រោយ​ត្រូវ​បាន​គេ​មើល​ឃើញ ដល់​ថ្នាក់​ហ៊ាន​ដាក់​រហស្សនាម​ជា “Ramos អារ៉ាប៊ីសាអ៊ូឌីត”។

តើ​ខ្សែ​ការពារ​កណ្តាល​វ័យ ៣៤ ឆ្នាំ​ខាង​លើ មាន​ចំណុច​លេចធ្លោ​អ្វី​ខ្លះ និង​ធ្លាប់​បាន​តតាំង​លំដាប់​កីឡាករ​កំពូល​ណា​ខ្លះ​ហើយ តស់​យើង​ទៅ​តាមដាន​ជាមួយ CTS SPORTS៖

រៀបរាប់​ត្រួសៗ​ឲ្យ​ស្គាល់ Al-Bulayhi ជា​មុន​សិន នេះ​មួយ​អាជីព​តាំង​ចាប់ផ្តើម​ប្រលូក​ឲ្យ​តែ​ក្លិប​នៅ​ដី​កំណើត ដើម​ឡើយ​ជាមួយ Al-Fateh តាំង​ឈុត​ថ្នាល លុះ​ពេលចុងក្រោយ ២០១៧ ក៏​ផ្ទេរ​មក Al-Hilal បន្ត​ឈរ​ជើង​ទល់​សព្វថ្ងៃ។ ទោះ​លេង​ឲ្យ​ជម្រើស​ជាតិ​ឈរ​ FIFA Ranking ទី ៥៥ និង​ក្លឹប​ស្ថិត​នៅ​ក្រៅ​ដី​អឺរ៉ុប តែ​ចរិត​លក្ខណៈ​លើ​ទីលាន​ប្រកួត​ទល់​គីឡូ​ធ្ងន់​ស្រាល​ណា​ក៏​ដោយ មើល​ទៅ​កីឡាករ​មាឌ​ឌាំង ១,៨២ ម៉ែត្រ ហាក់​មិន​ញញើត​នរណា​ទាល់​តែ​សោះ​ឡើយ ឲ្យ​តែ​ប៉ះ​គ្នា​ ចូល​មក ​គឺ​ហ៊ាន​ពើងទ្រូង​ដាក់​តែ​ទាំង​អស់​ហ្នឹង។ ស្ថិតិ​សរុប​ឲ្យ​ក្លឹប ២៤៨ ប្រកួត រក​បាន ១៨ គ្រាប់ Assist ១ រី​ឯ​នៅ​ជម្រើស​ជាតិ ៤៤ ប្រកួត ក៏​រក​បាន ១ គ្រាប់​ដែរ។

៤) គ្រា​ប៉ះ Luis Suarez

ត្រលប់​ទៅ​ពេលវេលា​ថ្មីថ្មោង​មក​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ នៅ​ពាក់​កណ្តាល​ខែ​មិថុនា ឆ្នាំ ២០១៨ ល្បាក់​ព្រឹត្តិការណ៍ FIFA World Cup ក្នុង​ប្រទេស​រុស្ស៊ី នៅ​វគ្គ​ចែក​ពូល អ៊ុយរុយហ្គាយ​បាន​តតាំង​យក​ឈ្នះ ១-០ ទៅ​លើ​អារ៉ាប៊ីសាអូឌីត។

ទោះ​យ៉ាង​ណា​វា​មិន​រាប់​ជា​ការ​យក​ឈ្នះ​ធូរៗ​ឡើយ ហើយ Suarez ដែល​ជា​អ្នក​បញ្ចប់​ទី​គ្រាប់​បាល់​យក​ជ័យជម្នះ ក៏​ប៉ះទង្គិច​មិន​ចេះ​តិច​ដែរ ដួល​ផង​អី​ផង ទល់​ម្ចាស់​អាវ​លេខ ៤ ជា​ជញ្ជាំង​ក្រោម​របស់​ឥន្រ្ទីយ៍​ស។ តាម​ពិត​ទៅ​កម្ពស់កំព​របស់​អ្នក​ទាំង​ពីរ​ប្រហែល​គ្នា តែ​និយាយ​ពី​កម្លាំង​ហាក់​បុក​មិន​ឈ្នះ​លំដាប់​ខ្សែ​ការពារ​អាស៊ី​ខាង​លើ​ឡើយ។

៣) គ្រា​ប៉ះ Messi

បន្ត​ទៅ World Cup សម័យ​កាល​បន្ទាប់ ២០២២ ពិត​ជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដែល​អារ៉ាប៊ីសាអូឌីត​ជា​ក្រុម​តែ​មួយ​គត់ បាន​យក​ឈ្នះ​គីឡូ​ជើង​ឯក​អាហ្សង់ទីន​កាល​វគ្គ​ចែក​ពូល។ លទ្ធផល ១-២ ក៏​គួរ​តែ​អរគុណ​ជា​ពិសេស​ដល់​ចំណែក​ខ្សែ​ការពារ​ក្រោម Al Bulayhi ដែល​ប្តូរ​អស់​ហើយ ជា​ពិសេស​ការ​តាម​បិទ ម្ចាស់​អាវ​លេខ ១០ របស់​ឡាទីន ចាប់​ផង​ឱប​ផង ក៏​មាន​លាយ​ពាក្យពេចន៍​ឌឺដង​ភ្លាមៗ​នៅ​នឹង​កន្លែង​ផង​ដែរ។

២) គ្រា​ប៉ះ Ronaldo

ថា Messi និង Suarez ជា​កីឡាករ​គូ​ប្រជែង​ក្រៅ​ទ្វីប ឥឡូវ​មក​ប៉ះ Cristiano Ronaldo ដែល​ជា​សមាជិក​រួម​លីគ Saudi Pro League តែ​មួយ ក៏​ខ្សែ​ការពារ​របស់ Al-Hilal មិន​បន្ធូរបន្ថយ​ដៃ​ឲ្យ​ដែរ។ ពួក​គេ​ជួប​គ្នា​ច្រើន​លើក​ច្រើន​សារ​ហើយ តែ​ជាមួយ CR7 ក៏​ខាង​កីឡាករ​ព័រទុយហ្គាល់​អត់​ទុក​ឲ្យ​ដែរ ហើយ​មាន​តែ​កាយវិការ​ផ្លែផ្កា​ទៅ​មក ម្តងៗ​ភ័យ​ដែរ ខ្លាច​តែ​ប៉ះ​គ្នា​ខ្លាំង ដល់​កើត​ជា​កាយវិការ​មិន​ល្អ។

រូបភាព​ថ្មី អាច​នឹង​កើត​ឡើង​ពេល​ដ៏​ខ្លី​ខាង​មុខ ចំ​កាលបរិច្ឆេទ​វិល​មក​លីគ​បន្ទាប់​គឺ Al-Nassr កំណត់​ត្រូវ​ជួប​ម្ចាស់ផ្ទះ Al-Hilal នេះ​គីឡូ​ធ្ងន់​លេខ ២ ត្រូវ​ជួប​លេខ ១ ហើយ នៅ​វេលា​ម៉ោង ០១:០០ នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​សុក្រ ទី ០៩ ​កុម្ភៈ នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS SPORTS។

១) គ្រា​ប៉ះ Son Heung-min

https://youtu.be/L4bwv-BPTKI

មាន​គ្រប់​រសជាតិ​ជួប​អស់​ហើយ លំដាប់​កំពូល​ឡាទីន អឺរ៉ុប ដល់​តែ​មក​អាស៊ី​ដូច​គ្នា ក៏ Al-Bulayhi ​លេង​មិន​សំចៃ​ដៃ។ កន្លង​មក​នៅ​វគ្គ ១៦ ក្រុម AFC Asian Cup ក៏​មាន​ពេល​មួយ​នោះ CB របស់​ជម្រើស​ជាតិ​ដឹកនាំ​ដោយ​លោក Roberto Mancini បាន​ទៅ​ច្រាន​មួយ​ទំហឹង​ដៃ​លើ តារា​ឆ្នើម​កូរ៉េ​ខាង​ត្បូង Son Heung-min ទៀត​ផង រួច​ក៏​មាន​ទាំង​ទង្វើ នៃ​ការ​យក​ដៃ​ទៅ​ទាញ​សក់​សមាជិក​ក្លឹប Spurs ឡើង​ទាំង​មិន​ញញើត។

កាយវិការ​អស់​នេះ ខ្លះ​ក៏​សរសើរ​ពី​ឆន្ទៈ​នាម​ជា​ខ្សែ​ការពារ តែ​ខ្លះ​ក៏​រិះគន់​ថា​វា​មិន​ជា​រូបភាព​ល្អ ហើយ​ខ្លះ​ទៀត​ក៏​ទទូច​សុំ​ឲ្យ​មាន​ពេលវេលា​ណា​មួយ​ដែល​កីឡាករ​ខាង​លើ អាច​តតាំង Zlatan Ibrahimovic។ ចុះ​យោបល់​របស់​អ្នក​រាល់​គ្នា មើល​ឃើញ Ali Al-Bulayhi ជា​ខ្សែ​ការពារ​បែប​ណា?

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT