ត​ ៣ ជំនាន់​ទី​បំផុត​ក៏​ត្រលប់​មក​ផ្ទះ​ចាស់ Chicharito ទទួល​បាន​កាដូ​ពិសេស​ដល់​ស្រក់​ទឹកភ្នែក

អ្នក​គាំទ្រ​សេរ៊ី​ចាស់​របស់​ក្លឹប​ Manchester United និង Real Madrid ជឿ​ថា ប្រាកដ​ជា​ធ្លាប់​បាន​លឺ​ឈ្មោះ “Chicharito” ឬ​អ្នក​ខ្លះ​ថែម​ទាំង​ដាក់​រហស្សនាម​ឲ្យ​បុរស​មាឌ​ល្អិត​ម៉ិកស៊ីកូ​រូប​នេះ​ថា​ជា “មី​ឆា​សាច់​គោ”។ បន្ទាប់​ស្ងប់ស្ងាត់​ពី​ទីលាន​អស់​រយៈ​ពេល​ច្រើន​ខែ ទី​បំផុត​គេ​ក៏​ត្រលប់​មក​វិញ​ជា​ថ្មី តាម​រយៈ​ការ​វិល​ត្រលប់​ទៅ​កាន់​ផ្ទះ​ចាស់ នៅ​ឯ​ទ្រនំ​កំណើត​ក្នុង​ទ្វីប​អាមេរិក​ខាង​ជើង។

លើក​ចុងក្រោយ​បុរស​វ័យ ៣៥ ឆ្នាំ បាន​ឈរ​ជើង​ឲ្យ​ក្លឹប​អាមេរិក LA Galaxy ៣ រដូវ​កាល រហូត​ដល់​ខែ​មិថុនា ឆ្នាំ ២០២៣ លោក​បាន​ជួប​របួស ACL ទាមទារ​ការ​សម្រាក​រយៈ​ពេល​យូរ ហើយ​ដល់​ខែ​វិច្ឆិកា ក៏​សម្រេច​ក្លាយ​ជា​ Free Agent ចាកចេញ​ក្នុង​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន។ មក​ទល់​ថ្មីថ្មោង Chicharito បាន​ប្រកាស​ការ​ត្រលប់​មក​អតីត​ក្លឹប​ចាស់ Chivas នៅ​ឯ​ម៉ិកស៊ីកូ ក្រោយ​ខកខាន​ឈរ​ជើង​នៅ​ទី​នោះ​អស់​រយៈ​ពេល ១៤ ឆ្នាំ។

តាម​កិច្ចព្រមព្រៀង​ផ្លូវការ ខ្សែ​ប្រយុទ្ធ​ខាង​លើ​បាន​ចុះ​ហត្ថលេខា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ ជាមួយ​ក្លឹប ជាមួយ​ការ​ទទួល​បាន​អាវ​លេខ ១៤ ដែល​វា​ជា​អំណោយ​ធំ​មួយ ត្រង់​នេះ​ជា​អាវ​លេខ​ពិសេស គេ​ធ្លាប់​បាន​ប្រើប្រាស់​ទាំង​កាល​នៅ Man United, Real Madrid និង LA Galaxy។

យ៉ាង​ណា​បើ​និយាយ​ដល់​អំណោយ​ធំលើសពីនេះ នោះគឺ​ទំហំ​ចិត្ត​ស្វាគមន៍​យ៉ាង​កក់ក្តៅ​មិន​គួរ​ឲ្យ​ជឿ​ពី​សំណាក់​ថ្នាក់​ដឹកនាំ មិត្ត​រួម​ក្លឹប រួម​ទាំង​សន្ទុះ​អ្នក​គាំទ្រ​ដង្ហែ​នៅ​តាម​ដង​វិថី ​និង​ក្នុង​កីឡដ្ឋាន។ មនុស្ស​ជាង ៤០ ០០០ នាក់ បាន​ស្រែក​អបអរ​ដល់​វត្តមាន Chicharito ឬ​មាន​ឈ្មោះ Javier Hernandez កាល​ពី​យប់​ថ្ងៃ​សៅរ៍ ហើយ​មើល​ទៅ​ទឹក​មុខ​កីឡាករ​ផ្ទាល់ ពិត​ជា​មាន​ក្តីរំភើប​ពន់ពេក ដល់​ស្រក់​ទឹក​ភ្នែក​ឥត​ដឹង​ខ្លួន។ ខ្សែ​ប្រយុទ្ធ​ជំនាញ​ជើង​ស្តាំ​បាន​រៀបរាប់៖ “នេះ​ខ្ញុំ​ត្រលប់​មក​ផ្ទះ​វិញ ដោយ​ទទួល​បាន​ការ​ស្រលាញ់​ពេញចិត្ត​ពី​អ្នក​រាល់​គ្នា ខ្ញុំ​ពិត​ជា​គ្មាន​អ្វី​នឹង​រៀបរាប់​ទៅ​បាន​ទេ”។

គួរ​ឲ្យ​ដឹង​ថា បើ​ផ្សារភ្ជាប់​ជាមួយ​បាល់ទាត់​ម៉ិកស៊ីកូ ​គឺ​ត​មក​ ៣ ជំនាន់​ហើយ តាំង​ពី​ជំនាន់​លោក​តា មាន​ឈ្មោះ Tomas Balcazar រាប់​បាន​ជា Legend របស់​ក្លឹប​ Chivas និង​ជម្រើស​ជាតិ​ម៉ិកស៊ីកូ តែ​បាន​ទទួល​មរណភាព​កាល​ឆ្នាំ ២០២០ ក្នុង​អាយុ ៨៨ ឆ្នាំ។ រី​ឯ​ឪពុក មាន​ឈ្មោះ Chicharo ធ្លាប់​ជា​សមាជិក​ជួយ​ម៉ិកស៊ីកូ​នៅ World Cup ១៩៨៦ គ្រា​ធ្វើ​ជា​ម្ចាស់ផ្ទះ និង​ចុងក្រោយ​ត​មក​ជំនាន់​កូន​ប្រុស ក៏​ជា​ចៅ តំណាង​ឲ្យ​ជម្រើស​ជាតិ​ឆ្នាំ ២០០៩ ដល់ ២០១៩ រហូត​ជាប់​ឈ្មោះ​ជា Top Scorer ក្នុង​ប្រវត្តិសាស្រ្ត​ធ្វើ​បាន ៥២ គ្រាប់ ខណៈ​នៅ​ក្លឹប​ Chivas ឬ​មាន​ឈ្មោះ​ផ្លូវការ Deportivo Guadalajaraគេ​ឈរ​ជើង​ចន្លោះ​ឆ្នាំ ២០០៦ ដល់ ២០១០ មុន​ផ្ទេរ​ទៅ​បិសាច​ក្រហម ក៏​រក​បាន ២៩ គ្រាប់ Assist ៩ នៅ​សរុប ៧៩ ប្រកួត។

ជុំវិញ​ដំណើរ​មក​ដល់​នេះ​ដែរ ក៏​មាន​អតីត​អ្នកចាត់ការ ២ រូប ផ្ញើ​ពាក្យពេចន៍​អបអរ​សម្រាប់ Chicharito ផង​ដែរ ជាក់ស្តែង​ដូច​អតីត​គ្រូ​នៅ Man United គឺ Sir Alex Ferguson ​បញ្ជាក់​ថា៖ “Chicharito, នេះ​គឺ​ជា​ចៅហ្វាយ​របស់​អ្នក ដំបូង​បង្អស់​ខ្ញុំ​ចង់​អបអរ​អ្នក​សម្រាប់​ការ​ត្រលប់​មក​កាន់​ក្លឹប​កំណើត ត្រលប់​ទៅ​កាន់​ម៊ិកស៊ីកូ កន្លែង​ដែល​ខ្ញុំ​ចាប់ផ្ដើម​រក​ឃើញ​អ្នក និង​ចុះ​ហត្ថលេខា​យក​អ្នក ក្នុង​នាម​ជា​កីឡាករ​ដ៏​អស្ចារ្យ​សម្រាប់​ពួក​យើង ចូលរួម​រីករាយ​សម្រាប់​ក្រុម​គ្រួសារ​របស់​អ្នក​ផង​ដែរ ហើយ​ជូនពរ​ឲ្យ​មាន​គ្រាប់​បាល់​ជា​ច្រើន​កើត​ឡើង​បន្ថែម​ទៀត”។ ស្រដៀង​គ្នា​នឹង​អតីត​គ្រូ​ចាស់​នៅ​ Madrid គឺ​លោក Carlo Ancelotti ក៏​រៀបរាប់​ផ្ញើ​ពាក្យពេចន៍​អបអរ​មួយ​ចំនួន​ផង​ដែរ​ទៅ​កាន់​ Chicharito៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT