សន្យា​ទុក​មុន​ឲ្យ​ម្នាក់ៗ​ផ្ចង់​ខំ​ប្រឹង​លេង នេះ​ប្រាក់​ Bonus ត្រៀម​ផ្តល់​ជូន​កីឡាករ-គ្រូ​តូច​ធំ​ Real Madrid

ទាំង Real Madrid ទាំង Barcelona អាច​មាន​ឱកាស​កាន់​ពាន ៤ នៅ​រដូវ​កាល​ទោល ២០២៣/២៤ តួ​យ៉ាង​គឺ La Liga, Copa del Rey, Supercopa de Espana និង UEFA Champions League។ ក៏​ប៉ុន្តែ​មួយ​ក្នុង​ចំណោម​នោះ​គឺ​ពាន Spanish Super Cup ឬ​ Supercopa de Espana នឹង​សម្រេច​ឃើញ​លទ្ធផល​ឈ្នះ​ចាញ់ មាន​មួយ​រវាង​ក្រុម​ទាំង​ពីរ ក្លាយ​ជា​ម្ចាស់​ជើង​ឯក នៅ​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ចន្ទ​ទី ១៥ មករា​ខាង​មុខ ក៏​នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS SPORTS។

អត្ថបទ​នេះ ពួក​យើង​នឹង​បង្ហាញ​ប្រវត្តិ​ពាន​រង្វាន់ ក៏​ដូច​ជា​ទំហំ​ប្រាក់​រង្វាន់ លាយឡំ​នឹង​ប្រាក់​ឧបត្ថម្ភ Bonus ផ្សេង​ទៀត​កីឡាករ​និង​អ្នកចាត់ការ​អាច​ទទួល​បាន៖

៣) អ្វី​ទៅ​ជា​ពាន Spanish Super Cup?

បង្កើត​ឡើង​ដោយ​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​ហៅ​កាត់ RFEF ​នៅ​ឆ្នាំ ១៩៨២ គិត​ទៅ​មាន​អាយុ​កាល​ ៤២ ឆ្នាំ​មក​ហើយ។ ​ដើម​ឡើយ​ជា​រៀងរាល់​ឆ្នាំ គេ​ចាប់​យក ២ ក្លឹប​លេង​ពីរ​ប្រកួត​ក្នុង​និង​ក្រៅ​ដី​យក​ឈ្នះ​ចាញ់ បន្តបន្ទាប់​មក​វិវត្ត​ទល់​សព្វថ្ងៃ​ឡើង​ដល់ ៤ ក្លឹប ពោល​ជា​ក្លឹប​ការពារ​ជើង​ឯក​និង​ជើង​រង នៃ​ក្របខ័ណ្ឌ La Liga (ជាក់ស្តែង​ដូច Barcelona/Real Madrid) និង Copa del Rey (Atletico Madrid/Osasuna) ​ប្រចាំ​រដូវ​កាល​ចាស់។

២) ទំហំ​ប្រាក់​រង្វាន់

បើ​សួរ​ថា តើ​សហព័ន្ធ​បង្កើត​ចំណូល​តាម​រយៈ​អ្វី ដើម្បី​យក​មក​រៀបចំ​និង​ឧបត្ថម្ភ​ដល់​ក្លឹប​ចូលរួម? ចម្លើយ៖ គឺ​ទទួល​បាន​មួយ​ផ្នែក​ធំ​ចេញ​ពី​ប្រទេស​ដែល​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ និង​មួយ​ផ្នែក​ផ្សេង​ទៀត ពាក់ព័ន្ធ​នឹង​ការ​លក់​សិទ្ធ​ផ្សព្វផ្សាយ។

ដូច Spanish Super Cup 2024 ខាង​ RFEF ទទួល​បាន​ប្រាក់ ៤០ លាន​អឺរ៉ូ ពី​ភាគី​អារ៉ាប៊ីសាអូឌីត​នាម​ជា​ម្ចាស់ផ្ទះ ហើយ​លុយ​អស់​នោះ យក​ទៅ​បែងចែក​ជូន​ទុក​ជា​មុន ឥត​គិត​ក្លឹប​ណា​ឈ្នះ​ចាញ់ ពោល​ជា​ប្រាក់​សម្រាប់​ការ​បង្ហាញ​ខ្លួន គឺ​ផ្តល់​ជូន Madrid/Barca ម្ខាង ៦ លាន​អឺរ៉ូ ហើយ Atletico បាន ៣ លាន​អឺរ៉ូ និង Osasuna បាន ៨០០ ០០០ អឺរ៉ូ។ ក៏​ប៉ុន្តែ​តាម​ការ​ព្រមព្រៀង​ចុងក្រោយ​ក្លឹប​ធំ​ទាំង ៣ បាន​ឯកភាព​គ្នា​បន្ថែម​ប្រាក់ ២០០ ០០០ ​ផ្សេង​ទៀត នាំ​ឲ្យ​សរុប Osasuna ទទួល​បាន ១ លាន​អឺរ៉ូ​ជា​ថ្លៃ​ចូលរួម។
​បន្ថែម​ពី​នោះ នៅ​មាន​ប្រាក់​រង្វាន់​នាម​ក្លឹប​ឈ្នះ​ជើង​ឯក និង​ជើង​ឯក​រង​ពីរ​ផ្សេង​ទៀត គឺ​អ្នក​ឈ្នះ​បាន​ប្រាក់ ២ លាន ហើយ​អ្នក​ចាញ់​បាន​ ១ លាន​អឺរ៉ូ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ។

១) ​ប្រាក់ Bonus ជូន​សមាជិក​ក្រុម

ដូច​រៀបរាប់​ខាង​លើ ក៏​មាន​ន័យ​ក្លឹប​ឡើង​ដល់​វគ្គ​ចុងក្រោយ អាច​ធានា​ប្រាក់​មួយ​ភាគ​ធំ​ចូល​ហោប៉ៅ បែប​នេះ​ពួក​គេ​ក៏​មិន​រិះ​ថាំ​ក្នុង​ការ​ចែក​ជូន​ប្រាក់​ឧបត្ថម្ភ​ពី​លើ​ថ្លៃ​ឈ្នួល​ជូន​កីឡាករ​ផង​ដែរ។ យើង​ទទួល​បាន​របាយការណ៍​ចុងក្រោយ​ពាក់ព័ន្ធ​ក្លឹប Real Madrid ជុំវិញ​ទំហំ Bonus ដែល​ពួក​គេ​សន្យា​ចែក​ជូន​កីឡាករ និង​សមាជិក​គ្រូ​ជំនួយ ​គ្រូ​ធំ​ប្រចាំ​ក្លឹប​ទាំង​អស់ គឺ​ម្នាក់ ១៥០ ០០០ អឺរ៉ូ សរុប​ទៅ​អធិរាជ​ស ត្រៀម​ចាយ​លុយ​សុទ្ធ ៤ លាន​អឺរ៉ូ ប្រសិន​ក្លឹប​អាច​បំបាក់​អ្នក​មាន​បុណ្យ​នៅ​ពេល​ខាង​មុខ។

ចំពោះ​តួ​លេខ​ប្រាក់​ឧបត្ថម្ភ​ក្រៅ​មួយ​តង់​នេះ រាប់​ថា​ច្រើន​គួរ​សម ត្រង់​វា​ស្មើ​នឹង​ទំហំ​ប្រាក់​ឈ្នួល​លំដាប់​កីឡាករ​មួយ​ចំនួន​ទទួល​បាន​ក្នុង​មួយ​អាទិត្យ​ទៅ​ហើយ ជាក់ស្តែង​ដូច Nacho Fernandez មួយ​អាទិត្យ​នៅ Real Madrid បាន​ប្រហែល ១៦០ ០០០ អឺរ៉ូ។ ដោយឡែក​បង្វែរ​ទៅ​ខាង​ Barcelona គឺ​យើង​មិន​ទាន់​ទទួល​ដំណឹង​ច្បាស់ការ​នៅ​ឡើយ​ពាក់ព័ន្ធ​រឿងរ៉ាវ​ខាង​លើ៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT