គ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti បានផ្តល់ការឆ្លើយតបយ៉ាងកំប្លែងនៅពេលត្រូវបានសួរថាតើ Vinicius Junior មានការខកចិត្តក្នុង ការខកខានតែងតាំងសម្រាប់ពានរង្វាន់ The Best FIFA Men’s Player។Vinicius មិនមានឈ្មោះក្នុងបញ្ជីបេក្ខភាពទាំង ១២ នាក់បន្ទាប់ពីយុទ្ធនាការដ៏អស្ចារ្យសម្រាប់តារាឆ្នើមប្រេស៊ីល។ គាត់ស៊ុតបញ្ចូលទីបាន ២៣ គ្រាប់ និងបញ្ជូនបាល់បាន ២១ ដងក្នុងការប្រកួតចំនួន ៥៥ លើកសម្រាប់ក្រុម Madrid។
Ancelotti ត្រូវបានគេសួរអំពីអារម្មណ៍របស់កីឡាករវ័យ ២៣ ឆ្នាំបន្ទាប់ពីមិនត្រូវបានគេតែងតាំង។ អ្នកគ្រប់គ្រងក្លឹប Real Madrid បានឆ្លើយតបបែបកំប្លែងថា៖
“អូ… គាត់ពិតជាសោកសៅណាស់។ គាត់យំអស់ ៣ ទៅ ៤ ម៉ោងឯណោះ!”
រយៈពេលជម្រុះសម្រាប់ពានរង្វាន់នេះបានដំណើរការចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣។ វាមិនរាប់បញ្ចូលការប្រកួត FIFA World Cup ឆ្នាំ២០២២ ទេ ប៉ុន្តែបេក្ខជនជាច្រើនអាចត្រូវបានជ្រើសរើសចេញពីការលេងរបស់ពួកគេនៅក្នុងប្រទេសកាតា។ក្នុងអំឡុងពេលនោះ Vinicus ស៊ុតបាន ១៦ គ្រាប់ និងបញ្ជូនបាល់បាន ១៤ ដង។ គាត់បានឈ្នះ FIFA Club World Cup និង Copa del Rey និងបានជួយ ក្រុមអធិរាជសឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League៕
*[Fabrizio Romano]