លោក Ednaldo Rodrigues ប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីល បានអះអាងថាពិតជាចង់បានលោក Carlo Ancelotti ទៅដឹកនាំជម្រើសជាតិពិតប្រាកដមែន។
ប្រេស៊ីល កំពុងស្វែងរកគ្រូបង្វឹកមកដឹកនាំក្រុម ក្រោយពីលោក Tite បានចាកចេញពីតំណែង ក្រោយចប់យុទ្ធនាការ FIFA World Cup 2022 នៅប្រទេសកាតាមក។ ក្នុងនោះ Ancelotti ដែលកំពុងដឹកនាំក្រុម Real Madrid គឺជាបេក្ខភាពឈានមុខគេតែម្ដងក្នុងតំណែងនេះ ព្រោះទាំងកីឡាករនិងថ្នាក់ដឹកនាំបាល់ទាត់ប្រេស៊ីលសុទ្ធតែចាប់អារម្មណ៍ទៅលើប្រព័ន្ធលេងរបស់បុរសសញ្ជាតិអ៊ីតាលីមែនទែន ជាពិសេសការដឹកនាំក្លឹបធំៗជាច្រើន និងជោគជ័យខ្លាំងនៅ Real Madrid ។
លោក Ednaldo Rodrigues ប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីលបាននិយាយថា៖ “ខ្ញុំពិតជាកោតសរសើរចំពោះភាពស្មោះត្រង់របស់គាត់ និងរបៀបរបបនៃការធ្វើការងាររបស់គាត់។ គាត់ជាគ្រូបង្វឹកម្នាក់ដែលយល់ច្បាស់ និងមិនចាំបាច់ឱ្យមានការណែនាំនោះទេ។ គាត់ជាគ្រូបង្វឹកកម្រិតកំពូលម្នាក់នៅលើលោកនេះ។ Ancelotti មិនត្រឹមតែជាគ្រូបង្វឹកដែលកីឡាករពេញចិត្តទេ សូម្បីតែអ្នកគាំទ្រក៏ពេញចិត្តគាត់ដូចគ្នា។ គ្រប់កន្លែងខ្ញុំទៅនៅប្រេស៊ីល គ្រប់កីឡដ្ឋាន គាត់គឺជាមនុស្សដំបូងដែលអ្នកគាំទ្រសួរមកខ្ញុំ”៕