យប់​តែ​មួយ​អ្នកចាំទី ២ រូប​ភ្លាត់ភ្លាំង​ភាំង​មួយ​រំពេច ខណៈ Keylor Navas កើត​ជា​គ្រាប់​ពេជ្រ​ថ្មី​នៅ PL

យប់មិញ​លើ​ទំព័រ CTS Sports បាន​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​ជំនួប​ពិសេស​ជា​ច្រើន​គូ ដោយ​ក្លឹប​ខ្លះ​ក៏​ទទួល​បាន​ការ​សាទរ ហើយ​ខ្លះ​ក៏​កើត​ការ​រអ៊ូ​ពី​សំណាក់​អ្នក​គាំទ្រ បន្ទាប់​ការ​បង្ហាញ​ទម្រង់​លេង​មិន​ល្អ ដូច​ការ​ចង់​បាន។ យ៉ាង​ណា​ក៏​មាន​រឿងរ៉ាវ​ចៃដន្យ​ ពាក់ព័ន្ធ​អ្នកចាំទី​កើត​ឡើង​នៅ​សប្ដាហ៍​តែ​មួយ ដោយ ២ រូប​ភ្លាត់ភ្លាំង​ភាំង​កើត​ជា​កំហុស រី​ឯ ១ រូប​ល្អ​ហួស ជាប់​ជា​គ្រាប់​ពេជ្រ​កំពុង​រះ​នៅ Premier League៖

៣) កំហុស​របស់ Emiliano Martinez

អ្នកចាំទី​ជួយ​អាហ្សង់ទីន​ឈ្នះ​ជើង​ឯក World Cup បាន​ធ្វើ​ឲ្យ​លោក Unai Emery ខក​ចិត្ត​ជា​ខ្លាំង បន្ទាប់​តែ​របូត ៤ គ្រាប់​នៅ​បរាជ័យ​ក្រោម​ថ្វី​ជើង Arsenal ដ្បិត​បើ​តង់​ទី ១ Aston Villa បាន​នាំ​មុខ​មុន។ តាម​ថា​លទ្ធផល​ប៊ិះ​ស្មើ​ចែក​ម្នាក់​មួយ​ពិន្ទុ ដល់​តែ​ចូល​ម៉ោង​បន្ថែម​នាទី ៩០+៣ ក៏​ស្រាប់​តែ Jorginho យារ​មួយ​ជើង​ស៊ុត​ក្រៅ​ប្រអប់​ទៅ​ឡង​នឹង​បង្គោល​ទី ហើយ​មក​ប៉ះ​ក្បាល​ផ្នែក​ខាង​ក្រោយ​របស់ Martinez នាំ​ឲ្យ​បាល់​ផ្លាត​ចូល​ទី​ខ្លួន​ឯង រាប់​ជា​គ្រាប់ Own Goal។

ប៉ុណ្ណឹង​វា​មិន​ទាន់​ចប់​នោះ​ទេ ដល់​តែ​ចុង​ម៉ោង​ខ្វះ​ប៉ុន្មាន​វិនាទី​ចប់​ការ​ប្រកួត ក៏ Martinez បាន​ឡើង​ទៅ​ចាំ​តែត​បាល់​ជ្រុង​ជាមួយ​មិត្ត​រួម​ក្រុម​ឯង​ទៀត រាប់​ជា​ឱកាស​ចុង​ក្រោយ​របស់ Aston Villa គិត​ថា​អាច​សាង​ខ្លួន​ឯង​ពី Zero ក្លាយ​ទៅ​ជា​ Hero តែ​មាន​ឯ​ណា លទ្ធផល​បែរ​ផ្ទុយ​ស្រឡះ ហើយ​បើក​ឱកាស​ឲ្យ​មាន​បាល់​ដាច់​មាត់ ដល់ Gabriel Martinelli អាច​អូស​បាល់ Counter ទៅ​ស៊ុត​ដោយ​គ្មាន​អ្នកចាំទី​ក្នុង​ប្រអប់។

បន្ទាប់​ចប់​ការ​ប្រកួត អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ បាន​រិះគន់​ទៅ​អ្នកចាំទី​សញ្ជាតិ​អាហ្សង់ទីន ថា​ការ​ដែល​ឡើង​មក​ចាំ​តែត​បាល់​ជ្រុង គឺ​លោក​មិន​ដែល​បង្គាប់ មិន​ដែល​ប្រាប់​ឲ្យ​ធ្វើ​បែប​ហ្នឹង​ទេ ហើយ​អត់​យល់​ថា​គេ​កំពុង​គិត​អី វា​ជា​ការ​សម្រេច​ចិត្ត​ដោយ​ឯកឯង។

២) កំហុស​របស់ Nick Pope

បន្ទាប់​របូត ២ គ្រាប់​នៅ​នាទី​ទី ១០ និង ១៧ ដោយ​ថ្វី​ជើង Darwin Nunez និង Cody Gakpo ក៏​ហាក់​ធ្វើ​ឲ្យ​អ្នកចាំទី​របស់​ក្លឹប Newcastle បាក់​ស្បាត ដល់​នាទី ១៧ ពេល​ Alisson ផ្លោង​មួយ​ជើង​ផុត​មាត់ មក​កាន់ Mohamed Salah ស្រាប់​តែ​ដៃ​ទី​មួយ Pope បាន​រត់​ចេញ​ពី​ប្រអប់ ហើយ​មិន​ Clear ចោល​ដោយ​ប្រើ​ជើង បែរ​ជា​ទៅ​ពង្រេត​ខ្លួន​យក​ដៃ​ចាប់ បែប​គិត​ស្មាន​ថា​ខ្លួន​ឯង​កំពុង​ស្ថិត​ក្នុង​ប្រអប់​ទៅ​វិញ។

កំហុស​នេះ បាន​ធ្វើ​ឲ្យ​អាជ្ញាកណ្តាល​ហូត​កាត​ក្រហម​លើក​ចេញ​ពី​ហោប៉ៅ​ដោយ​មិន​គិត​យូរ​នោះ​ទេ។ អវត្តមាន​របស់​អ្នកចាំទី​វ័យ ៣០ ឆ្នាំ នឹង​ត្រូវ​ផ្តល់​ឱកាស​ឲ្យ Loris Karius ត្រូវ​ទទួល​បន្ទុក​ទាំង​ស្រុង នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Carabao Cup ទល់ Man Utd នា​កំឡុង​ចុង​ខែ។

១) គ្រាប់​ពេជ្រ​កំពុង​រះ Keylor Navas

ពី​ដុំ​ថ្ម​ដែល PSG បោះបង់ មក​ប្រែ​ក្លាយ​ជា​ដុំ​ពេជ្រ​ដ៏​មាន​តម្លៃ កំពុង​រះ​សារ​ជា​ថ្មី​នៅ Premier League ជាមួយ​ក្លឹបNottingham Forest។ ចាប់​តាំង​ការ​មក​ដល់​របស់​កីឡាករ​ចាស់​វស្សា​វ័យ ៣៦ ឆ្នាំ គេ​បាន​ចូលរួម​នៅ ៣ ប្រកួត​ហើយ​ឲ្យ​ក្លឹប ដោយ​ឈ្នះ ១ ស្មើ ១ និង​ចាញ់ ១។

យ៉ាង​ណា Navas បាន​ឈ្នះ MOTM នាម​កីឡាករ​ល្អ​បំផុត​ក្នុង​ការ​ប្រកួត​ដល់​ទៅ ២ លើក ដូច​ការ​ប៉ះ Leeds United អាច​សង្រ្គោះ​បាល់ ៤ លើក ហើយ​យប់មិញ​ប៉ះ​គីឡូ​ធ្ងន់ Man City ដែល​ទប់​ឲ្យ​ស្មើ ក៏​អ្នកចាំទី​កូស្តារីកា​អាច​សង្រ្គោះ​បាន ៥ លើក​ផង​ដែរ។ នេះ​រាប់​ថា កីឡាករ​ហាក់​សម្រប​ខ្លួន​បាន​យ៉ាង​ឆាប់​រហ័ស​ជាមួយ​ក្លឹប​ថ្មី ដ្បិត​បើ​កត្តា​វ័យ​ហៀរ​ក្រាស់ក្រែល​ក្បែរ​ខ្ទង់ ៤០ ​ក៏​ដោយ៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT