Kubo ​៖ ​ប្រកួត​ទល់​អេស្ប៉ាញ ​ជា​ការ​ប្រកួត​សំខាន់​បំផុត​ក្នុង​ជីវិត​ខ្ញុំ​

​ខ្សែ​ប្រយុទ្ធ Takefusa Kubo ​របស់​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ​បាន​ចាត់​ទុក​ការ​ប្រកួត​ទល់​ក្រុម​អេស្ប៉ាញ​គឺ​ជា​ការ​ប្រកួត​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​គេ​ហើយ ​នា​ជំនួប FIFA World Cup 2022 ​នៅ​រាត្រី​នេះ​។

​ជប៉ុន ​មាន​ឱកាស​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​បាន​នៅ​រាត្រី​នេះ ​លុះ​ត្រា​តែ​អាច​យក​ឈ្នះ​លើ​ក្រុម​អេស្ប៉ាញ​បាន។ ប្រសិន​បើ​គេ​អាច​បាន​ត្រឹម​ស្មើ ​នោះ​ជប៉ុន​ត្រូវ​ចាំ​មើល​ការ​ប្រកួត​រវាង​ក្រុម​កូស្ដារីកា ​និង​អាល្លឺម៉ង់​ទៀត។ ​បើ​សិន​ជា​អាល្លឺម៉ង់​ស្មើ​កូស្ដារីកា ​នោះ​ក៏​ធ្វើ​ឱ្យ​ជប៉ុន​មាន​ឱកាស​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដែរ។ ​តែ​អ្វី​ដែល​គ្រូ​បង្វឹក ​និង​កីឡាករ​ជប៉ុន​ចង់​បាន​បំផុត​នៅ​រាត្រី​នេះ គឺ​ធ្វើ​យ៉ាង​ណា​យក​ឈ្នះ​អេស្ប៉ាញ ​ឱ្យ​ដូច​ប្រកួត​ទី​១​ដែល​ពួកគេ​យក​ឈ្នះ​លើ​អាល្លឺម៉ង់​ដែរ។

​មុន​ការ​ប្រកួត ​ខ្សែ​ប្រយុទ្ធ​​វ័យ​ក្មេង Kubo ​បាន​អះអាង​ថា​៖ “យើង​ត្រៀម​ខ្លួន​រួច​ហើយ។ នេះ​ជា​ការ​ប្រកួត​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ។ ​ខ្ញុំ​ពិត​ជា​ត្រៀម​ជា​ស្រេច​ក្នុង​ការ​ប្រកួត​នេះ ​ខ្ញុំ​ជឿ​ថា​គ្រូ​បង្វឹក​នឹង​ផ្ដល់​នាទី​ឱ្យ​ខ្ញុំ​បាន​ចូល​លេង​ក្នុង​ប្រកួត​សំខាន់​បែប​នេះ ​ហើយ​រឹត​តែ​ការ​ប្រកួត​អស្ចារ្យ​ទៀត ​បើ​សិន​ជា​ខ្ញុំ​អាច​រក​គ្រាប់​បាល់​បាន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT