ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចរាល់ ក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធ Paulo Dybala ប្រសិនជាគេត្រូវចាកចេញពីក្លឹបសេះបង្កង់ Juventus នៅបញ្ចប់រដូវកាល។ បញ្ជាក់ សុពលភាពកុងត្រាកីឡាករអាហ្សង់ទីន នឹងត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២២ ខាងមុខ ហើយមិនទាន់លេចលឺអំពីដំណឹងបន្តកុងត្រាថ្មីនៅឡើយ។
តាមសារព័ត៌មាន SportItalia ចុះផ្សាយ ក្រុមដឹកនាំដោយលោក Jurgen Klopp ចង់ចុះហត្ថលេខាយកកីឡាករវ័យ ២៨ ឆ្នាំ នៅលក្ខខណ្ឌឥតតម្លៃខ្លួន រួចធានានឹងផ្តល់ជូនថ្លៃពលកម្មកប់ពពក ដល់ទៅ ១០ លានអឺរ៉ូ/ឆ្នាំ សម្រាប់ Dybala។ យ៉ាងណាយើងក៏មិនទាន់ច្បាស់ថា សាមីខ្លួនកីឡាករផ្ទាល់នឹងសម្រេចចិត្តបែបណាដែរ ព្រោះការផ្ទេរចេញសារនេះ ក៏ទំនងមានក្លឹបជាច្រើននឹងចាប់អារម្មណ៍។
គួររំឭកដែរថា ខ្សែប្រយុទ្ធ Dybala បានមកចូលរួមជាមួយ Juventus កាលពីរដូវក្តៅ ឆ្នាំ ២០១៥ ជាមួយតម្លៃផ្ទេរកាលនោះ ៤១ លានអឺរ៉ូ។ សរុបស្ថិតិនៃការបង្ហាញខ្លួន ២៧៧ ប្រកួត រកបាន ១១១ គ្រាប់និង Assist ៤៦ លើក។ រីឯសម្រាប់ Juventus ក៏ទំនងជានឹងត្រៀមខ្លួនរួចរាល់ដែរ ក្នុងការនាំយក Dusan Vlahovic មកចូលរួម ប្រសិនកីឡាករអាហ្សង់ទីនត្រូវចាកចេញពិតមែន៕
ប្រភព៖ SportItalia