អនាគតរបស់ខ្សែការពារឆ្នើម Antonio Rudiger ជាមួយក្លឹបតោខៀវ Chelsea ហាក់មិនទាន់ប្រាកដប្រជានៅឡើយទេ ថានឹងបន្ត ឬដើរចេញ ស្របពេលដែលសុពលភាពកុងត្រាសេសសល់តែរយៈពេល ៦ ខែទៀតប៉ុណ្ណោះ។
យ៉ាងណាកន្លងទៅនេះ គេបានបង្ហើបពីរឿងចាស់ ក្រោយប៉ុស្តិ៍ Sky Sports សួរនាំថា កាលពីអតីតកាលគេធ្លាប់ប៊ិះតែនឹងដើរចេញពីក្លឹបម្ចាស់ដី Stamford Bridge ដែរឬទេ? កីឡាករអាល្លឺម៉ង់ ឆ្លើយ៖ “ធ្លាប់ម្តងដែរ កាលពីរដូវក្តៅ ឆ្នាំទៅ ពេលនោះខ្ញុំគិតថា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវទាំងសម្រាប់ខ្ញុំ និងក្រុមទាំងមូល”។
លោកបន្ត៖ “តែបើនិយាយពីពេលវេលានៅកំឡុងរដូវរងា ខ្ញុំអត់ដែលគិតចង់ចាកចេញទេ បើនិយាយស្មោះត្រង់ទៅ ដោយភាគច្រើនគឺរដូវក្តៅ ជាពេលដែលខ្ញុំគិតចង់ចែកផ្លូវ យ៉ាងណាពេលលោក Thomas Tuchel មកដល់ គ្រប់យ៉ាងគឺបានផ្លាស់ប្តូរ គាត់បើកទ្វារនៃឱកាសថ្មី គាត់ដើរតួយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរភាពជោគជ័យសម្រាប់ក្រុមទាំងមូល”។
ដោយឡែកពាក់ព័ន្ធនឹងចចាមអារ៉ាម ដែលថា ខ្សែការពារខាងលើរំអុកក្លឹបចង់បានថ្លៃពលកម្មខ្ពស់ជាងមុន និងចង់ចាកចេញនៅពេលខាងមុខ ក៏ត្រូវបាន Rudiger សង្កត់ធ្ងន់៖ “មានចចាមអារ៉ាមមិនល្អច្រើន តែខ្ញុំអត់ដែលបានគិត ឬធ្វើឲ្យរង្គើចិត្តខ្ញុំម្តងណាទេ ជារួមខ្ញុំនៅតែបន្តធ្វើដូចអ្វីដែលខ្ញុំកំពុងបង្ហាញចេញមក”៕
ប្រភព៖ Sky Sports