នៅពេលចុងក្រោយនេះ យើងទទួលដំណឹងថា ក្លឹប Man Utd និងលោក Ralf Rangnick ដែលជាបិតាបាល់ទាត់អាល្លឺម៉ង់ បានព្រមព្រៀងហើយក្នុងការឡើងមកកាន់តំណែងជាគ្រូបណ្តោះអាសន្នរយៈពេល ៦ ខែ ពោលគឺចាប់ពីខែមករា ដល់ចុងខែមិថុនា ឆ្នាំ ២០២២ ហើយបន្ទាប់ពីនោះ ឈរលើកុងត្រា ២ ឆ្នាំផ្សេងទៀត នៅតំណែងជាទីប្រឹក្សាពិគ្រោះយោបល់ប្រចាំក្លឹប។
ជាការពិត បុរសវ័យ ៦៣ ឆ្នាំ កាលពីអតីតកាលត្រូវបានគេទទួលស្គាល់ ជាអ្នកជំនាញដែលពូកែខាងមើលកីឡាករ ដោយប្រភេទកីឡាករលោកនាំចូល គឺមិនសម្លឹងរកកីឡាករតម្លៃកប់ពពកនោះទេ ផ្ទុយទៅវិញ គឺមើលតែកីឡាករដែលមានតម្លៃទាប ហើយអាចព្យាករណ៍ថានឹងមានគុណភាពលេចធ្លោទៅពេលខាងមុខ។ ខាងក្រោមជាកីឡាករ ៥ រូប ដែលអតីតកាល Rangnick ជាអ្នកដើរតួក្នុងការចុះហត្ថលេខានាំយក ហើយប៉ុន្មានឆ្នាំក្រោយពួកគេអាចឡើងតម្លៃខ្លួនកប់ពពក ខ្លះដល់ខ្ទង់រយលានក៏មាន៖
៥) Sadio Mane
កាលពីឆ្នាំ ២០១២ គ្រា Rangnick ជានាយកផ្នែកកីឡា ទទួលបន្ទុករត់ការនាំយកកីឡាករចូលក្រុមឲ្យ RB Salzburg គឺបានលោកនេះហើយ ជាអ្នកសម្រេចការចរចាយក Mane ចេញពីក្លឹប FC Metz មកកាន់ក្លឹបក្នុងទឹកដីអាល្លឺម៉ង់ ជាមួយតម្លៃ ៤ លានអឺរ៉ូ។
ក្រោយកើតមានសមិទ្ធផលជោគជ័យជាបន្តបន្ទាប់ មកទល់ពេលនេះ Mane ជាខ្សែប្រយុទ្ធលេចធ្លោដាច់គេមួយ តំណាងឲ្យជម្រើសជាតិសេណេហ្គាល់ ហើយកំពុងមានហាងឆេងថ្លៃខ្លួន ៨៥ លានអឺរ៉ូ។
៤) Erling Haaland
បានលោក Rangnick នេះដូចគ្នា ជាអ្នកត្រួសត្រាយនាំយក Haaland ចេញពីក្លឹប Molde មកកាន់ Salzburg នៅឆ្នាំ ២០១៩ ហើយសារនោះ ចាយអស់តែ ៨ លានអឺរ៉ូប៉ុណ្ណោះ។ ក្រោយៗមក Haaland បានឡើងតម្លៃខ្លួន កប់ពពកត្រឹមតែរយៈពេលខ្លី ដោយជាង ២ ឆ្នាំ ធ្លាប់ឡើងខ្ពស់ផុតលេខដល់ ១៥០ លានអឺរ៉ូ។
៣) Dayot Upamecano
ជំនាន់ក្លឹប RB Leipzig ស្ថិតក្រោមការដឹកនាំដោយអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ខាងលើ ពួកគេក៏សម្លឹងត្រូវ តាមរយៈការនាំយកកំពូលខ្សែការពារ Upamecano ចេញពីក្លឹប Salzburg នៅតម្លៃ ១៨,៥០ លានអឺរ៉ូ។
រំលងតែជាង ៤ ឆ្នាំតម្លៃរបស់គេ ហក់គុណ ១ ទ្វេជា ៣ ហើយឥឡូវកំពុងឈរជើងឲ្យក្លឹប Bayern Munich ដែលនាំឲ្យតម្លៃខ្លួនខ្សែការពារសញ្ជាតិបារាំង ឡើងកាន់តែខ្លាំងដល់ជាង ៦០ លានអឺរ៉ូ។
២) Naby Keita
Keita ធ្លាប់និយាយថា៖ “កាលពីឆ្នាំ ២០១៤ គ្រាខ្ញុំលេងឲ្យក្លឹបនៅឯប្រទេសបារាំង លោក Rangnick បានហោះមកចុះហត្ថលេខាយកខ្ញុំទៅ Salzburg ហើយពេលនោះខ្ញុំមានការជឿជាក់លើគាត់ខ្លាំងណាស់”។
ខ្សែបម្រើសញ្ជាតិហ្គីណេប៊ីសៅ សារនោះនៅឆ្នាំ ២០១៤ មានតម្លៃផ្ទេរត្រឹម ១,៥ លានអឺរ៉ូ លុះដល់ឆ្នាំ ២០១៨ គ្រាផ្ទេរទៅហង្ស តម្លៃខ្លួនគេឡើងដល់ ៦០ លានអឺរ៉ូ។
កាលពីឆ្នាំ ២០១៣ ក្លឹប RB Leipzig កំពុងស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី ៣ នៅឡើយទេ តែ Rangnick ដែលជានាយកផ្នែកកីឡា បានចរចាដោយជោគជ័យលើការនាំយក Kimmich ចេញពីថ្នាល Stuttgart នៅតម្លៃត្រឹមតែកន្លះលានអឺរ៉ូ។
កាលជំនាន់ Leipzig លក់ចេញទៅវិញ ឲ្យ Stuttgart ក្រោយអភិវឌ្ឍជើង ២ ឆ្នាំបន្ទាប់ ក៏ក្លឹបចំណេញបានលុយ ១ ទ្វេជា ៣ ហើយដែរ។ យ៉ាងណាមកទល់បច្ចុប្បន្ន អតីតកីឡាករដែល Rangnick ចុះហត្ថលេខាកាលពីជិត ១០ ឆ្នាំមុន គឺបានជោគជ័យដូចការរំពឹងទុក ហើយកំពុងដើរតួជាខ្សែបម្រើលេចធ្លោប្រចាំលីគកំពូលអាល្លឺម៉ង់ ដែលមានតម្លៃខ្លួន ៩០ លានអឺរ៉ូ៕