ជាទូទៅនៅពេលក្លឹបប្រកាសដកតំណែងអ្នកចាត់ការណាម្នាក់ ដំណាក់កាលបន្ទាប់ពួកគេរមែងសម្លឹងមើលបេក្ខភាពដែលនៅជិតបំផុតសិន មុនសម្លឹងទៅឆ្ងាយ ហេតុនេះហើយក៏រមែងកើតមានគ្រូជំនួសបណ្ដោះអាសន្ន ដែលផ្តើមចេញពីអតីតកីឡាករ ឬជំនួយការនៅក្លឹបនោះផ្ទាល់តែម្តង។
និយាយតែនៅក្របខ័ណ្ឌ Premier League បើទោះបីគ្រូជំនួសដូចបង្ហាញទាំង ៣ រូបខាងក្រោម ខ្លះចុងក្រោយនៅតែត្រូវបានក្លឹបបណ្ដេញចេញ ខ្លះអាចទទួលបានជោគជ័យ តែយើងក៏មិនអាច មិនទទួលស្គាល់បាន ថាពួកគាត់បានចូលរួមចំណែកហួសពីការរំពឹងទុក រួចក៏រាប់បានជាគ្រូជំនួសដែលមានគេស្គាល់ខ្លាំងបំផុតផងដែរ។
៣) Kenny Dalglish ក្លឹប Liverpool
ជាអតីតកីឡាករនៅហង្ស ហើយនៅឆ្នាំ ១៩៨៥ លោកទទួលបានឱកាស មកក្លាយជាគ្រូបណ្ដោះអាសន្នដឹកនាំ Liverpool។ ត្រឹមរយៈពេលខ្លី Dalglish ជួយហង្សលើកពានផ្ទួនគ្នានៅរដូវកាលទោល ជាលើកដំបូង ដោយបានឈ្នះពានលីគកំពូលអង់គ្លេសនិង FA Cup។
ក្រោយមកលោកក៏ត្រូវបានចាត់តាំងជាគ្រូពេញសិទ្ធ ហើយបន្តឈរជើងដល់ឆ្នាំ ១៩៩១ និងឈ្នះពានរង្វាន់ជាបន្តបន្ទាប់។ យ៉ាងណាដល់ឆ្នាំ ២០១១ Dalglish ក៏បានត្រលប់មកវិញសារជាថ្មី ហើយដឹកនាំ Liverpool ក្នុងនាមជាគ្រូបណ្ដោះអាសន្នដដែល មុនបានឡើងជាគ្រូពេញសិទ្ធ បន្ទាប់ពីក្លឹបដកតំណែងលោក Roy Hodgson។
តែមកសារនេះ វីរបុរសសញ្ជាតិស្កុតឡែនមិនអាចបង្កើតផ្លែផ្កាជោគជ័យដូចជំនាន់ ២០ ឆ្នាំមុនទេ ហើយឈរជើងបានតែជាង ១ ឆ្នាំ ក៏ត្រូវបានក្លឹបបណ្តេញចេញទៅវិញ ក្រោយដឹកនាំ Liverpool ឲ្យបញ្ចប់រដូវកាល ឈរនៅលេខរៀងទី ៨ ខកខានការចាប់យកកៅអីនៅ UCL។
២) Roberto di Matteo ក្លឹប Chelsea
១៥ ឆ្នាំចុងក្រោយ ក្លឹប Chelsea ប្តូរអ្នកចាត់ការចុះឡើងដល់ទៅ ១៥ រូប ហើយក្នុងចំណោមនោះ ក៏ជឿថា អ្នកគាំទ្រប្រហែលជាមិនអាចបំភ្លេច នូវឈ្មោះ អ្នកចាត់ការ Di Matteo។ គ្រូបណ្តោះអាសន្នខ្លះ គេដាក់គោលដៅជួយក្រុមប្រជែងយកកៅអី Top 4 តែបុរសសញ្ជាតិអ៊ីតាលីរូបនេះ កាន់តែអស្ចារ្យ គឺបានជួយក្រុមដល់លើកពានរង្វាន់ Champions League។
ផ្តើមពីជំនួយការអ្នកចាត់ការ Di Matteo បានឡើងមកដឹកនាំ Chelsea បណ្ដោះអាសន្ន នៅខែមិនា ឆ្នាំ ២០១២។ ក្នុងរយៈពេលត្រឹមតែ ៥០ ថ្ងៃ លោកបានត្រួសត្រាយតោខៀវ ឲ្យយកឈ្នះទៅលើក្រុមខ្លាំងជាច្រើន ហើយបានក្លាយជាម្ចាស់ជើងឯកពានអឺរ៉ុបឆ្នាំ ២០១២។
យ៉ាងណាចូលដល់រដូវកាលថ្មី នៅក្រោយនោះ ៥ ខែ លោកក៏ត្រូវបានក្លឹបដកតំណែងទៅវិញ បន្ទាប់ពី Chelsea ធ្លាក់ត្រឹមការប្រកួតនៅវគ្គចែកពូល UCL នារដូវកាលបន្ទាប់។
១) Ole Gunnar Solskjaer ក្លឹប Man Utd
ផ្តើមពីកីឡាករ មកក្លាយជាគ្រូបង្វឹកផ្នែកប្រយុទ្ធ រហូតមកដល់ខែធ្នូ ឆ្នាំ ២០១៨ បុរសសញ្ជតិន័រវេសក៏ទទួលបានឱកាសពីក្លឹប Man Utd ក្នុងការឡើងកាន់តំណែងជាគ្រូបណ្ដោះអាសន្ន គ្រាលោក Jose Mourinho ត្រូវបានក្លឹបបណ្តេញចេញ។
គ្រប់គ្នាបានភ្ញាក់ផ្អើលតាំងពីចំណុចចាប់ផ្ដើម ក្រោមការដឹកនាំរបស់ Ole ត្រឹមតែជាគ្រូបណ្ដោះអាសន្ន តែ ៦ ប្រកួតដំបូង ឈ្នះទាំង ៦ ហើយរំលងដល់ខែមករា ឆ្នាំ ២០១៩ បានក្លាយឈ្មោះជាអ្នកចាត់ការល្អបំផុតប្រចាំខែនៅ Premier League ទៀតផង។
លុះមកដល់ខែមិនា នៅការប្រកួត UCL ក្រុមដឹកនាំដោយលោក Ole បានវាយបកយកឈ្នះទៅលើ PSG ថែមទៀត ពេលនោះហើយដែលក្លឹបសម្រេចផ្តល់កុងត្រាពេញលេញ។ តែក្រោយៗមក បុរសវ័យ ៤៨ ឆ្នាំ បានត្រឹមដឹកនាំឲ្យ United ទទួលបានលទ្ធផលល្អនៅ PL និងបានឡើងត្រឹមវគ្គផ្តាច់ព្រ័ត្រ UEL ហើយមិនបានឈ្នះពានរង្វាន់ណាមួយឡើយ។ សោកស្តាយមកទល់ពេលចុងសប្តាហ៍កន្លងទៅនេះ Ole ក៏ត្រូវបានក្លឹបសម្រេចដកតំណែង ក្រោយពីទទួលបរាជ័យធ្ងន់ធ្ងរជាបន្តបន្ទាប់ តែយ៉ាងណាលោកក៏នៅតែដក់ជាប់ក្នុងការចងចាំរបស់អ្នកគាំទ្រ Man Utd ជានិច្ច៕