នៅថ្ងៃចុងក្រោយមុនបិទទីផ្សារដោះដូរ សម្រាប់ក្លឹបបិសាចក្រហម Man Utd ក៏ទទួលបានសំណើពីក្លឹបនៅឯប្រទេសបារាំង Lyon ផងដែរ ជុំវិញការចង់បានខ្សែប្រយុទ្ធ Anthony Martial។ បើតាមហាងឆេងថ្លៃខ្លួន កីឡាករវ័យ ២៥ ឆ្នាំ អាចជាមានតម្លៃខ្លួន ៤៥ លានអឺរ៉ូ លើសុពលភាពកុងត្រាដល់ចុងខែមិថុនា ឆ្នាំ ២០២៤។
បើតាមការចុះផ្សាយរបស់ L’Equipe បានឲ្យដឹងថា ភាគីខាងភ្នាក់ងាររបស់ Martial បានចរចារួចជាស្រេចហើយជាមួយក្លឹប Lyon លុះក្លឹបបារាំងដាក់សំណើមកក្លឹបអាណាព្យាបាល United ស្រាប់តែសាមីខ្លួន Martial គេបដិសេធមិនទទួលយកទៅវិញ។ ជារួមគេសម្រេចបន្តឈរជើងនៅ Old Trafford បើទោះបីមិនប្រាកដថាអាចលេងបានជាប់លាប់ឬអត់ក៏ដោយ ក្រោយ Cristiano Ronaldo មកដល់។
បញ្ជាក់ថា Martial បានទទួលការអភិវឌ្ឍដំបូងបង្អស់ចេញពីក្លឹប Lyon នេះឯង មុនគេផ្ទេរទៅ Monaco និងមកឈរជើងនៅ Man Utd ទល់សព្វថ្ងៃ។ ខ្សែប្រយុទ្ធកណ្តាល រាប់បានថាជាកីឡាករដែល United ស្រលាញ់និងឲ្យតម្លៃ ព្រោះមានក្លឹបជាច្រើនធ្លាប់ចង់បាន តែមិនព្រមលក់ចេញ។ ទៅមើលស្ថិតិរបស់គេ ២៦១ ប្រកួត រកបាន ៧៨ គ្រាប់និង Assist ៥០ លើក៕
ប្រភព៖ Goal