តាមរបាយការណ៍ចុងក្រោយ បានបង្ហើបថាអនាគតរបស់ Cristiano Ronaldo ជាមួយក្លឹប Juventus ទំនងជាមិននឹងនទេ ពោលប្រហែលជាចែកផ្លូវ ច្រើនជាងការបន្តនៅ នៅរដូវកាល ២០២១/២២ ខាងមុខ។
សេះបង្កង់នឹងបង្ខំលក់ CR7 ចេញឲ្យបានមុនរដូវកាលថ្មីឈានចូលមកដល់ ដើម្បីធានាថាក្លឹបអាចទទួលបានប្រាក់ចំណូលមួយចំនួន មុនការឈរជើងរបស់គេហៀរចូលដល់សុពលភាពកុងត្រាឆ្នាំចុងក្រោយ ២០២២។
យ៉ាងណាបើតាមរបាយការណ៍ពី Tuttosport បានឲ្យដឹងថា ខាងក្លឹបនៅទីក្រុង Turin ក៏ចុចគោលដៅអ្នកថ្មីហើយដែរ ដោយមានបេក្ខភាពសំខាន់ ៣ ដូចជា Gabriel Jesus, Mauro Icardi ឬអាចជា Dusan Vlahovic។
និយាយពី Jessus គេមិនទាន់ធានាបានពីតំណែង ១១ នាក់ដំបូងឲ្យ City នៅឡើយ ដ្បិតបើ Sergio Aguero ចាកចេញទៅក៏ដោយ ព្រោះ Role របស់គេក៏នៅមាន Phil Foden ដែលជាគ្រាប់ពេជ្ររបស់លោក Pep អាចលេងបន្តបាន។
ទៅមើល Mauro Icardi លេចលឺថាខាង Juventus ចង់ដោះដូរជាមួយភាគី PSG ប្រសិនណា Ronaldo ព្រមផ្ទេរទៅក្លឹបសេដ្ឋីបារាំង។ ធ្វើបែបនេះ នឹងចំណេញទាំងសងខាង ដើម្បីកាត់បន្ថយការចំណាយលើប្រាក់សុទ្ធជិត ៣០ លានអឺរ៉ូដែរ។
ចុងក្រោយគឺ Dusan Vlahovic ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Fiorentina ហើយកីឡាករវ័យក្មេងរូបនេះ ដ្បិតបើមានសមត្ថភាព រកបាន ២១ គ្រាប់កាលពីរដូវកាលមុន តែគេហាក់មិនទាន់រកឃើញទ្រនំដ៏ត្រឹមត្រូវមួយនៅឡើយ៕
ប្រភព៖ Marca