Andre Villas-Boas បាននិយាយថាខ្សែប្រយុទ្ធ Kylian Mbappe មិនយូរមិនឆាប់នោះទេ រូបគេគង់តែទៅលេងនៅក្រុម Real Madrid ជាក់ជាមិនខាន។
Mbappe មានកុងត្រាជាមួយក្រុម PSG រហូតដល់ខែមិថុនាឆ្នាំ២០២២ ខាងមុខនេះ ហើយកុងត្រាថ្មីក៏មិនទាន់ចេញជារូបរាងផងដែរ។ មានប្រភពជាច្រើនបានអះអាងថារូបគេលែងចង់លេងឱ្យក្រុម PSG ទៀតហើយ និងរង់ចាំឱកាសដើម្បីផ្លាស់ទៅលេងនៅក្រុម Real Madrid តែម្ដង។ ខណៈដែលក្លឹបយក្សអេស្ប៉ាញក៏មានចិត្តចង់ចូលរួមផងដែរ។
ជាមួយគ្នានេះ លោក Andre Villas-Boas អតីតអ្នកចាត់ការក្រុម Marseille បាននិយាយដែរថា៖ “ខ្ញុំគិតថា Mbappe នឹងទៅ Real Madrid ឆាប់ៗនេះ ឬពេលក្រោយ។ Cristiano Ronaldo ចុះកុងត្រាជាមួយ Real Madrid កាលខ្លួននៅល្អ ហើយកាន់តែល្អថែមទៀត ដូច្នេះខ្ញុំគិតថា Mbappe ក៏អាចធ្វើបានដូចគ្នា”៕ប្រភព៖ MARCA