Wayne Rooney ក៏បានមានវត្តមានក្នុងកីឡដ្ឋាននៅការប្រកួតរវាងក្រុមជម្រើសជាតិស្កុតឡែននិងអង់គ្លេស ដែលក្រុមទាំងពីរបញ្ចប់ត្រឹមលទ្ធផល ០-០ កាលពីថ្ងៃមុនដែរ ហើយលោកបានឃើញថា សកម្មភាពរបស់អ្នកគាំទ្រនៅឯកីឡដ្ឋានបានស្រែកបង្ហាញការមិនពេញចិត្តមកលើតោកំណាច ដែលនេះជាទង្វើដែលមិនគប្បីកើតឡើងឡើយ។
អង់គ្លេសនៅ ២ ជុំដំបូងបានត្រឹមឈ្នះ ១-០ ទៅលើក្រូអាត និងស្មើ ០-០ ទៅលើស្កុតឡែន ហើយនៅជុំទី ៣ ត្រៀមប៉ះឆែកនៅពេលខាងមុខ ដើម្បីសម្រេចថាអាចឡើងទៅកាន់វគ្គបន្ទាប់ ១៦ ក្រុមឬអត់។
យ៉ាងណាមកមើលការលើកឡើងរបស់ Rooney ជាអតីតខ្សែប្រយុទ្ធនៅជម្រើសជាតិ បាននិយាយប្រាប់ The Times ថា៖ “ខ្ញុំក៏នៅ Wembley ជាមួយកូនប្រុសខ្ញុំដែរពេលនោះ ហើយក្រោយចប់ការប្រកួត អ្នកគាំទ្រនៅជុំវិញពួកយើងបែរជាស្រែកបង្ហាញការមិនពេញចិត្តទៅលើក្រុម [អង់គ្លេស]”។
លោកបន្ត៖ “នេះធ្វើឲ្យខ្ញុំនឹកដល់កាលខ្ញុំលេងឲ្យអង់គ្លេស គឺទទួលបានអារម្មណ៍បែបហ្នឹងមិនក្រោម ១ លើកឡើយ តែខ្ញុំចង់ប្រាប់អ្នកថា សកម្មភាពបែបហ្នឹងពុំបានជួយឲ្យកីឡាករឬក្រុមលេងល្អជាងមុននោះទេ ហើយខ្ញុំជឿជាក់លើក្រុមគឺពួកគេផ្តល់ឲ្យអស់ ១០០ ភាគរយ ពោល Gareth Southgate និងកីឡាកររបស់គាត់មិនសក្តិសមទទួលបានទង្វើបែបហ្នឹងពីអ្នកគាំទ្រឡើយ ចូរប្រើអារម្មណ៍អត់ធ្មត់ជាមួយពួកគេផង”៕
ប្រភព៖ Metro