ក្រោយយកឈ្នះទៅលើ Slavia Praha សម្រាប់ក្រុម Arsenal គឺត្រូវកំណត់ឲ្យមកជួបនឹងក្រុម Villarreal សម្រាប់ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬ ៤ ក្រុមចុងក្រោយនៅ UEFA Europa League។
ការប្រកួតនឹងធ្វើឡើងនៅចុងខែមេសានេះ ហើយលេង ២ ជើង មុនសម្រេចយកក្រុមឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រ។ សម្រាប់លោក Unai Emery អាចថាជាបទពិសោធន៍ជោកជាំនៅ UEL ហើយជាមួយ Arsenal ក៏លោកធ្លាប់ជាអតីតគ្រូម្នាក់ដែរ។
ពាក់ព័ន្ធនឹងការជួបក្រុមចាស់របស់ខ្លួន អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបាននិយាយថា៖ “ការដែលឡើងមកដល់វគ្គ ៤ ក្រុមគឺជាការប្រកួតប្រជែងដ៏ល្អមួយ ហើយអតីតកាលរបស់ខ្ញុំជាមួយ Arsenal បែបណា វាលែងសំខាន់ដូចមុនទៀតហើយ ព្រោះពេលចុះហត្ថលេខាឲ្យ Villarreal គឺខ្ញុំស្ថិតនៅលើដំណើរការមួយផ្សេងទៀត”។
លោកបន្ថែមថា៖ “យើងចង់បន្តលេងរបៀបរបស់យើង ហើយតែងតែគោរពនិងមិនមើលស្រាលគូប្រជែងនោះទេ និយាយទៅយើងត្រូវតែឈ្នះ និងមិនផ្តល់ឱកាសសម្រាប់ពួកគេទេ”។
បញ្ជាក់ថាការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី ២៩ មេសា ហើយជើងទី ១ លេងនៅទឹកដីអេស្ប៉ាញ មុនហោះទៅចក្រភពអង់គ្លេសនៅសប្តាហ៍បន្ទាប់សម្រាប់ជើងទី ២៕