ក្លឹប Juventus បានប្រកាសតែងតាំងលោក Andrea Pirlo ធ្វើជាអ្នកចាត់ការថ្មីរបស់ខ្លួន ក្រោយពីបណ្ដេញលោក Sarri ចេញពីតំណែង។
ក្រោយពីដឹកនាំក្រុមធ្លាក់នៅវគ្គ១៦ក្រុមចុងក្រោយនៅ UEFA Champions Leageue លោក Sarri ត្រូវបានក្រុម Juventus ដកតំណែងចោលកាលពីយប់មិញនេះហើយ។ ក្នុងការប្រកាសដកនេះដែរ ក្លឹបយក្សនៅអ៊ីតាលីនេះក៏បានប្រកាសពីការតែងតាំងលោក Andrea Pirlo មកជំនួសតំណែងរបស់ Sarri ផងដែរ។ Pirlo នេះ ទើបតែទទួលការងារជាគ្រូបង្វឹកក្រុម U23 បាន៩ថ្ងៃប៉ុណ្ណោះ ក៏ស្រាប់តែត្រូវតំឡើងមកដឹកនាំក្រុមធំតែម្ដង។
រំលឹកថាបុរសវ័យ៤១ឆ្នាំខាងលើនេះ ជាអតីតកីឡាករ Juventus ស្រាប់ និងជាវីរបុរសបាល់ទាត់អ៊ីតាលីផងដែរ។ ការដឹកនាំក្រុម Juventus នេះ គឺជាការងារដំបូងរបស់លោកហើយក្នុងអាជីពជាគ្រូបង្វឹក៕ប្រភព Dailymail