សហព័ន្ធបាល់ទាត់ UEFA កំពុងសិក្សាលទ្ធភាពលើកការប្រកួត Euro 2020 ទៅធ្វើនៅឆ្នាំក្រោយវិញ ក្រោយពីមេរោគ Covid-19 កំពុងផ្ទុះខ្លាំងនៅអឺរ៉ុប។
លីគ អ៊ីតាលី អេស្ប៉ាញ បារាំង អាល្លឺម៉ង់ និងអង់គ្លេស កំពុងរងផលប៉ះពាល់ខ្លាំង ដោយសារតែមេរោគ Covid-19 កើតទៅលើកីឡាករ។ ការប្រកួតមួយចំនួនត្រូវបានផ្អាកក្នុងលីគ ហើយពានរង្វាន់ UEFA Champions League និង Europa League ខ្លះក៏បានផ្អាកការប្រកួតសិនដែរ។ កត្តាផ្អាកការប្រកួតនេះ អាចនឹងធ្វើឱ្យរដូវកាលប្រកួតបញ្ចប់ទៅយឺតយ៉ាវ និងប៉ះពាល់ខ្លាំងដល់ការរៀបចំព្រឹត្តិការណ៍ Euro 2020 នៅពេលខាងមុខ។
ស្របពេលទ្វីបអឺរ៉ុបមិនទាន់អាចគ្រប់គ្រងមេរោគ Covid-19 បានផងនោះ ថ្នាក់ដឹកនាំ UEFA កំពុងសិក្សាលទ្ធផលដើម្បីលើកពានការប្រកួត Euro ឆ្នាំនេះទៅលេងនៅឆ្នាំក្រោយវិញហើយ។ យ៉ាងណាមិញ បើសិនជាលើកទៅលេងនៅឆ្នាំក្រោយមែន វាអាចនឹងពិបាកខ្លាំង ត្បិតអីកៀកជាមួយព្រឹត្តិការណ៍ World Cup 2022 ថែមទៀត។ ភាពស្មុគស្មាញជាច្រើនកំពុងកើតឡើង ដោយសារតែការផ្អាក ឬលើកពេលប្រកួតនានា៕ប្រភព៖ Bbc