លោក Klopp បានអរគុណដល់ខ្សែប្រយុទ្ធ Roberto Firmino ដែលរកគ្រាប់បាល់បាននៅចុងម៉ោង ជួយក្រុម Liverpool យកឈ្នះលើក្រុម Monterrey ក្នុងលទ្ធផល ២-១។
ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup នៅយប់មិញនេះ ក្រុមហង្សក្រហមពិបាកយកឈ្នះលើក្រុមមកពីម៉ិកស៊ិកខ្លាំងមែនទែន ពោលគឺត្រូវចាំរហូតដល់នាទី៩០+ ទៅហើយ ទើប Firmino រកគ្រាប់បាល់ជ័យជម្នះបាន។ ១គ្រាប់ចុងម៉ោងនៅយប់មិញនេះរបស់កីឡាករប្រេស៊ីល បានធ្វើឱ្យក្រុម Liverpool មានការប្រកួតឈ្នះនៅចុងម៉ោងច្រើនប្រកួតបំផុតនារដូវកាលនេះ។
លោក Klopp អ្នកចាត់ការក្រុម Liverpool បាននិយាយចំពោះរឿងនេះដែរថា៖ “ខ្ញុំខ្លាចណាស់ការប្រកួតថែមម៉ោង។ វាជាការប្រកួតដែលតម្រូវឱ្យកីឡាករបញ្ចេញកម្លាំងបន្ថែម និងមានទម្រង់លេងមិនពេញលេញនោះទេ។ ខ្ញុំអរគុណដល់ Firmino ដែលជួយបញ្ចប់ការប្រកួតនៅត្រឹមពេល៩០នាទីនេះ”។
ក្រុម Liverpool នឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រដោយប៉ះក្រុម Flamengo នាចុងសប្ដាហ៍នេះ៕ប្រភព៖ Dailymail