នៅក្រោយភាពជោគជ័យរបស់ Virgil van Dijk រូបលោកក៏ធ្លាប់បានហែលកាត់ការលំបាកជាច្រើនមិនថាតែការខិតខំលើទីលាន និងការជម្នះបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរ។
ក្រឡេកទៅឆ្នាំ ២០១២ កីឡាករសញ្ជាតិហូឡង់ប៊ិះតែនឹងផុតដង្ហើមក្រោយជួបបញ្ហាសុខភាពធ្ងន់ធ្ងរមួយ អំឡុងពេលលេងឲ្យក្លឹប FC Groningen។ គ្រានោះនៅវ័យ ២០ ឆ្នាំ អាជីពរបស់ Van Dijk បានបង្អាក់ដោយសារជំងឺតូចតាច ដែលប្រែទៅជាធំដោយនឹកស្មានមិនដល់។
ជំនួយការគ្រូបង្វឹករបស់ក្លឹប Groningen លោក Dick Lukkien បានប្រាប់ FourFourTwo នាពេលកន្លងមកថា៖ “Van Dijk ធ្លាប់មានបញ្ហាសុខភាពពេលបញ្ចប់ការប្រកួតទល់ Excelsior នៅក្របខ័ណ្ឌ Eredivisie ដោយដំណឹងផ្លូវការត្រឹមគិតថារូបលោកមានបញ្ហាសុខភាពតូចតាចប៉ុណ្ណោះ តែក្រោយមកបែរជាកើតមានដល់ជំងឺរលាកខ្នែងពោះវៀន រលាកស្រោមពោះ និងជំងឺតម្រង់នោមថែមទៀត”។
លោកបន្ត៖ “ដំបូងយើងត្រឹមគិតថាគាត់ផ្តាសាយធម្មតាទេ រហូតដល់ពេលម្តាយរបស់គាត់ទៅមើលគាត់ផ្ទាល់ទើបដឹង ថាស្ថានភាពធ្ងន់ធ្ងរកម្រិតណាខ្លះ ហើយបានប្រញាប់យកទៅមន្ទីរពេទ្យ ដោយរឿងនេះខ្ញុំភ្ញាក់ផ្អើលខ្លាំង ស្របពេល Van Dijk ធ្លាប់តែជាបុរសមាឌធំម្នាក់ តែត្រលប់មកចូលរួមជាមួយក្លឹបវិញទាំងសភាពស្គមស្គាំងសល់តែស្បែកដណ្តប់ឆ្អឹង”។ ប្រភព៖ SportBible