ក្រោយមានភាពសោះកក្រោះរវាងសមាគមបាល់ទាត់ CONMEBOL និងក្រុមជម្រើសជាតិអាហ្សង់ទីន ក៏ស្រាប់តែលេចចេញព័ត៌មានមួយកាលពីល្ងាចម្សិលមិញដែលថា UEFA បានកោះអញ្ជើញនិងផ្តល់សិទ្ធឲ្យអាហ្សង់ទីនអាចមកចូលរួមនៅការប្រកួត Nations League ប្រសិនពួកគេព្រមដកឈ្មោះចេញពីប្រកួតនៅ Copa America។
បែបណាមិញតាមការបញ្ជាក់ដោយផ្ទាល់របស់សមាគមបាល់ទាត់អឺរ៉ុប UEFA បានច្រានចោលព័ត៌មានមិនពិតមួយនេះ ហើយសង្កត់ធ្ងន់ថាពុំមានការផ្តល់កៅអីសម្រាប់ប្រទេសមានមូលដ្ឋាននៅទ្វីបអាមេរិកខាងត្បូងមួយនេះទេ។
ក្នុងសេចក្តីថ្លែងការណ៍ផ្លូវការបានចុះផ្សាយថា៖ “ពុំមែនជាការពិតនោះទេដែលមានការលើកឡើងថាអាហ្សង់ទីនត្រូវបានអញ្ជើញឲ្យទៅចូលរួមការប្រកួតរបស់ UEFA ឬក្លាយជាសមាជិកណាមួយរបស់ UEFA ដោយ UEFA ពុំធ្លាប់បានចូលរួមពិភាក្សាលើរឿងរ៉ាវនៃបញ្ហាទាំងនេះឡើយ”។
ក្នុងនោះបន្ត៖ “យ៉ាងណាមិញក្នុងស្មារតីមិត្តភាព យើងក៏នឹងអញ្ជើញអាហ្សង់ទីនជាភ្ញៀវពិសេសសម្រាប់ការចូលទស្សនានៅការប្រកួតគ្រប់ពេលណាទាំងអស់របស់ UEFA បាន”។ ប្រភព៖ AF