អ្នកចាត់ការក្រុមការពារជើងឯក World Cup ២០១៨ គឺលោក Didier Deschamps បានបញ្ជាក់កាលពីថ្ងៃចន្ទកន្លងទៅថាខ្សែការពារឆ្វេង Ferland Mendy នឹងប្រាកដជាទៅចូលរួមនៅក្លឹប Real Madrid នាពេលខាងមុខនេះ។
ប្រាប់អ្នកសារព័ត៌មានអ្នកចាត់ការក្រុមមាន់គកបារាំងបាននិយាយថា៖ “កាលពី ២ ឆ្នាំមុន Mendy លេងនៅលីគលំដាប់ពីរ តែពេលនេះគេនឹងទៅលេងឲ្យក្លឹប Real Madrid ដោយការអភិវឌ្ឍរបស់គេពិតជាអស្ចារ្យមែនទែន”។
នេះជាសារឆ្លើយតបទៅនឹងចចាមអារ៉ាមដែលថាក្លឹប Real Madrid បានព្រមព្រៀងលើសំណើរដេញថ្លៃប្រមាណ ៥៥ លានអឺរ៉ូ ក្នុងការនាំយក Mendy មកកាន់ទឹកដី Bernabeu បន្ទាប់ពីរូបគេបង្ហាញខ្លួនបាន ៧៩ លើកនៅក្លឹប Lyon។
ប្រសិនណាក្លាយជាការពិតនោះ Mendy នឹងជាបេក្ខភាពចំណូលថ្មីទី ៤ បន្ទាប់ពី Eden Hazard, Luka Jovic និង Eder Militao។ ប្រភព៖ Euronews