Eden Hazard ខ្សែបម្រើឆ្នើមរបស់ក្រុម Chelsea បានចាត់ទុកខ្សែប្រយុទ្ធចំណូលថ្មី Gonzalo Higuain ជាកីឡាករកំពូលម្នាក់នៅលើលោកនេះ ហើយវត្តមានរបស់គេនឹងជួយក្រុមតោខៀវឱ្យកាន់តែខ្លាំងថែមទៀត។
ក្រុម Chelsea បានខ្ចីជើងកីឡាករអាហ្សង់ទីនខាងលើនេះ ពីក្រុម Juventus រហូតដល់ចប់រដូវកាល អមជាមួយលក្ខខណ្ឌទិញផ្ដាច់តែម្ដង ប្រសិនបើលេងល្អ។ Higuain បានមកដល់កន្លែងហ្វឹកហាត់និងបង្ហាញខ្លួនជាផ្លូវការហើយ ប៉ុន្តែមិនទាន់បានចូលលេងនៅឡើយទេ ដោយរំពឹងថាប្រកួតបន្ទាប់នឹងមានឱកាសបង្ហាញសមត្ថភាពហើយ។
លោក Sarri អ្នកចាត់ការក្រុម Chelsea បានប្រាប់ពីមូលហេតុដែលលោកចង់អតីតកូនក្រុមរបស់ខ្លួនកាលនៅ Napoli ថា រូបគេជាខ្សែប្រយុទ្ធម្នាក់ដែលល្អ បំផុតក្រោមការដឹកនាំរបស់លោក។ នៅ Napoli លោក បានធ្វើឱ្យកីឡាកររូបនេះក្លាយជាម៉ាស៊ីនរកគ្រាប់បាល់បានច្រើនមែនទែន។ ដូច្នេះ គេរំពឹងថាការមកនៅ Chelsea នេះ រូបគេក៏នឹងធ្វើបានល្អដែរ។
ជាមួយគ្នានោះ Hazard កីឡាករសំខាន់ជាងគេនៅក្នុងក្រុម Chelsea បានចាត់ទុកអតីតកីឡាករ Real Madrid រូបនេះជាកំពូលខ្សែប្រយុទ្ធម្នាក់។ គេបានប្រៀបធៀប Higuain ទៅនឹង Costa ជាមួយទម្រង់លេងដូចគ្នា ហើយរំពឹងថានឹងជួយក្រុមឱ្យមុតស្រួចនៅតំបន់ខាងលើដែរ៕ប្រភព៖ Dailymail