ប្រឡូក​ប្រដាល់​ជិត​២០​ឆ្នាំ ​ពេល​នេះ​រឿង សោភ័ណ្ឌ ​បើក​ក្លឹប​ប្រដាល់​ខ្លួន​ឯង​ហើយ​

​កីឡាករ​ល្អ​កណ្ដាប់ដៃ​ រឿង​ សោភ័ណ្ឌ ​កំពុង​កសាង​ក្លឹប​ប្រដាល់​ដោយ​ខ្លួន​ឯង​មួយ ដែល​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ថា​ជា​ញើស​ឈាម​របស់​គេ​ដែល​បាន​ពី​ការ​ឡើង​សង្វៀន​ជិត​២០​ឆ្នាំ​មក​នេះ។

សោភ័ណ្ឌ ​កីឡាករ​លំដាប់ A ​នៅ​កម្ពុជា​ដែល​ទើប​សម្រេច​ចិត្ត​ឡើង​សង្វៀន​វិញ​ថ្មី​ៗ​នេះ ​បាន​អះអាង​ថា​ខ្លួន​បាន​កសាង​ក្លឹប​ប្រដាល់​មួយ ​ហើយ​វា​ជា​ក្ដី​ស្រមៃ​តាំង​ពី​យូរ​មក​ហើយ។ ​ក្រោយ​ពី​ដល់​អាយុ​មិន​អាច​ឡើង​សង្វៀន​ទៀត​បាន រូបគេ​ក៏​មិន​បោះ​បង់​វិស័យ​ប្រដាល់​នេះ​ដែរ ពោល​គឺ​បើក​ក្លឹប​ប្រដាល់​មួយ​នេះ ​ដើម្បី​បន្ដ​ជួយ​ដល់​គុន​ខ្មែរ​បន្ថែម​ទៀត​នៅ​ថ្ងៃ​អនាគត។ ​រហូត​មក​ដល់​ពេល​នេះ ​ក្លឹប​ដែល​ខ្លួន​កសាង​ដោយ​លុយ​ខ្លួន​ឯង​នេះ ​បាន​សម្រេច​ប្រមាណ​ជា​ពាក់​កណ្ដាល​ទៅ​ហើយ។

​រឿង​ សោភ័ណ្ឌ ​កីឡាករ​គុន​ខ្មែរ​ដែល​ធ្លាប់​ឡើង​សង្វៀន​មិន​តិច​ជាង​២០០​ប្រកួត​ទាំង​អន្ដរជាតិ ​និង​ក្នុង​ស្រុក​ខាង​លើ ​បាន​អះ​អាង​ថា​ក្លឹប​ប្រដាល់​ដែល​ខ្លួន​កសាង​ឡើង គឺ​បាន​ប្រាក់​ពី​ការ​ប្រកួត​ជិត​២០​ឆ្នាំ​របស់​ខ្លួន​នោះ​ហើយ។ វា​ជា​ញើសឈាម​របស់​គេ ​ហើយ​សង្ឃឹម​ថា​ទៅ​ថ្ងៃ​មុខ​នឹង​មាន​ការ​គាំទ្រ​ច្រើន ព្រោះ​គោលដៅ​របស់​គេ​គឺ​បណ្ដុះ​ថ្នាល​យុវជន​ដែល​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT